(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានតុល្យភាពអំណាចល្អណាស់ រវាងអំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ, នាយករដ្ឋមន្ត្រី គ្មានសិទ្ធិទៅរំលាយសភាមុនអាណត្តិនោះឡើយ វៀរលែងតែខ្លួនឯងត្រូវបានទម្លាក់២ដង ក្នុងរយៈពេល១ឆ្នាំ។

ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សម្តេចបានបញ្ជាក់ថា «កម្ពុជាមានលក្ខណៈសម្បត្តិល្អប្រសើរណាស់ លើបញ្ហាតុល្យភាពអំណាច និងការពារនិរន្តរភាពរបស់រដ្ឋ ដោយមិនទុកឱកាសឱ្យនាយករដ្ឋមន្ត្រី រំលាយសភា មុនអាណត្តិនោះទេ ប្រទេសខ្លះនាយករដ្ឋមន្ត្រី រំលាយសភាមុនអាណត្តិ ដូចជាករណីម៉ាឡេស៊ី ជប៉ុនក៏មានករណីមុនអាណត្តិ»

ការបញ្ជាក់បែបនេះ ត្រូវបានសម្តេចអះអាងថា ដើម្បីជាការផ្តល់នូវចំណេះដឹងដល់អ្នកវិភាគមួយចំនួន ដែលមិនបានស្វែងយល់ពីរដ្ឋធម្មនុញ្ញ ដែលពួកគេអាចធ្វើការវិភាគ ឬចោទជាសំណួរ បន្ទាប់ពីឃើញសភាប្រទេសថៃ ត្រូវបានរំលាយដោយនាយករដ្ឋមន្រ្តី ដើម្បីរៀបចំការបោះឆ្នោត នៅខែឧសភា ខាងមុខ។

មាត្រា ៧៨ នៃរដ្ឋធម្មនុញ្ញ បានចែងថា៖ «នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និង បន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។ ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ ថ្ងៃ យ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។ ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។ ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភា ត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល»

សម្តេចក៏បានពន្យល់ដែរថា សភាកម្ពុជាមិនត្រូវបានរំលាយមុនអាណត្តិនោះទេ បើរដ្ឋាភិបាលមិនត្រូវទម្លាក់២ដងក្នុង១ឆ្នាំ សភានឹងត្រូវផុតអាណត្តិនៅពេលដែលសភាថ្មីចូលកាន់តំណែង៕