(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៣ មានរថយន្តពីរគ្រឿងបានបើកបរបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហើយក្រោយឃើញដូចនេះក្រុមការងារផ្លូវល្បឿនលឿន បានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធីច្បាប់។

ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

ក្រសួងសូមអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា៕