(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចមិនត្រឹមតែយកជីវិតទៅដោះដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ និងសន្តិភាពពេញលេញប៉ុណ្ណោះទេ ប៉ុន្តែជីវិតរបស់សម្តេច ក៏ត្រូវបានយកទៅដោះដូរទៅនឹងកំណែទម្រង់ផងដែរ។

ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «ជីវិតរបស់ខ្ញុំក្នុងមួយជាតិនេះ មិនមែនត្រឹមយកក្បាលទៅដោះដូរជាមួយការរស់រានមានជីវិតរបស់ប្រជាជន ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយក៏មិនមែនយកក្បាលរបស់ខ្ញុំទៅដោះដូរជាមួយនឹងសន្តិភាព ចន្លោះឆ្នាំ១៩៩៦ និងបញ្ចប់នៅឆ្នាំ១៩៩៨នោះទេ ប៉ុន្តែក្បាលរបស់ខ្ញុំក៏ត្រូវបានដោះដូរជាមួយកំណែទម្រង់»

សម្តេចតេជោ បានរំលឹកថា នៅក្នុងរបបប៉ុលពត, ភាពជាម្ចាស់កម្មសិទ្ធិអស់ទាំងដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ ត្រូវបានដកហូត។ ក្រោយរបបនេះដួលរលំ សម្តេចត្រូវកសាងប្រទេស និងធ្វើកំណែទម្រង់យ៉ាងលំបាក។ សម្តេចតេជោ ក៏បានរំលឹកផងដែរថា អ្វីដែលពិបាកជាងគេគឺកំណែទម្រង់ដីធ្លី ដែលប្រែក្លាយពីដីរបស់រដ្ឋ ឱ្យទៅជាដីកម្មសិទ្ធិឯកជន គ្រប់គ្រងដោយឯកជន ដើម្បីពពួកគេអាចកែលម្អ និងទទួលបានភាពជាម្ចាស់។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរ អំពីកំណែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ច ដែលសុទ្ធតែលំបាក។

ក្នុងការធ្វើកំណែទម្រង់នយោបាយ ដែលផ្តួចផ្តើមឱ្យមានការចរចាដើម្បីស្វែងរកសន្តិភាពពេញលេញនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន អះអាងថា ពេលនោះក៏មនុស្សមួយចំនួនមិនសូវយល់នោះឡើយ នៅក្នុងក្នុងនោះក៏មានអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក កុយ ​ប៊ុនថា ​និងមនុស្សមួយចំនួនទៀត ដែលមិនចូលចិត្តសេដ្ឋកិច្ចឯកជន។ សម្តេចក៏បានលើកឡើងអំពីរបាយការណ៍ក្រសួងការពារជាតិ នាពេលកន្លងទៅដែលថា បើធ្វើការចរចា គឺស្មើនឹងលុបបំបាត់ចោលសមិទ្ធផលរបស់ជាតិ៕