(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានហៅរបាយការណ៍ របស់អង្គការ Global Witness ដែលផ្សព្វផ្សាយវាយប្រហារគ្រួសារសម្តេចតេជោ ហ៊ុន សែន នាពេលនេះថា ជារបាយការណ៍ពុំមានមូលដ្ឋានច្បាស់លាស់ ហើយគ្មានតម្លៃសម្រាប់ប្រជាពលរដ្ឋកម្ពុជានោះទេ មានតម្លៃស្នើនឹងក្រដាសខ្ចប់ឥវ៉ាន់តែប៉ុណ្ណោះ។

ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាពេលនេះ បានធ្វើឡើងបន្ទាប់ពីអង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយឈ្មោះ «ការក្ដោបក្តាប់យក វិនិយោគនៅកម្ពុជា» ដោយចោទប្រកាន់ថា ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានក្រុមហ៊ុនធំៗនៅកម្ពុជាជាង១០០ក្រុមហ៊ុន និង​ចោទប្រកាន់​សម្តេចថា បាន​បំពាន​លើ​តួនាទី​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ អនុញ្ញាត​ឲ្យក្រុមគ្រួសារមានការ​កាន់កាប់ការវិនិយោគនៅកម្ពុជា។​

លោក ផៃ ស៊ីផាន បានហៅការផ្សព្វផ្សាយរបាយការណ៍របស់អង្គការ Global Witness កំពុងព្យាយាមវាយប្រហារមកលើកិត្តិនាម​ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា។ លោកបន្តថា Global Witness និងសម្ព័ន្ធមិត្តបានប្រើប្រាស់វិធីបែបនេះ ដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ គ្រួសារសម្តេចតេជោ ហ៊ុន សែន។ លោកបានបន្តហៅថា របាយការណ៍របស់អង្គការ Global Witness នេះជាខិតបណ្ណញុះញង់តែប៉ុណ្ណោះ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដដែលរូបនោះបានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែល Global Witness និងអង្គការសម្ព័ន្ធមិត្តបានធ្វើបែបនេះ មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយអង្គការទាំង នោះតែងតែរិះរកចំណុចខ្សោយរបស់រាជរដ្ឋាភិបាលកម្ពុជា មកវាយប្រហាជាញឹកញាប់។

លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្កេាលទេាសដាច់អហង្ការ ចំពេាះការប្រឌិតបំផ្លាញកិត្តិយសសម្តេចតេជេា និងក្រុមគ្រួសារ សម្តេចក៏ដូចជាប្រទេសរបស់យេីងខ្ញំុ»។