(តាកែវ)៖ រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តន៍ការងារគណនេយ្យភាពសង្គម បើកវគ្គបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAF) ស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងសាលប្រជុំសាលាស្រុកបាទី ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ូ វណ្ណៈ អភិបាលរងស្រុកបាទី និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមស្រុក លោកស្រី ម៉ែន សយ សមាជិកក្រុមប្រឹក្សាស្រុក ជាអនុប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុក និងកញ្ញា ទួន សុខខេង តំណាងអង្គការទស្សនៈពិភពលោក ( World vision) ។

វគ្គបណ្ដុះបណ្ដោលនេះមានរយៈពេលចំនួនបួនថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃ២៤ កម្មវិធីនេះក៏មានការចូលរួមពីមន្រ្តីអង្គភាព តំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ តំណាងការិយាល័យអប់រំស្រុក មន្ត្រីបង្គោលគណនេយ្យភាពសង្គមស្រុក និងអ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍ សរុបអ្នកចូលរួម៥៨នាក់ ស្រី២៩នាក់។

លោក ហ៊ូ វណ្ណ: អភិបាលរងស្រុកបាទី បានកោតសរសើរ និងអរគុណដល់អ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍តាមបណ្តារឃុំទាំង១៥ឃុំ កន្លងមកបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនដោយភាពទទួលខុសត្រូវ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងស្មារតីសាមគ្គីជាក្រុមសម្រេចបាននៅលទ្ធផលល្អប្រសើរ ដោយផ្តោតលើគុណភាពការផ្តល់សេវារួមមាន៖ រដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ជាពិសេសផ្សារភ្ជាប់ការទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងមន្ត្រីផ្តល់សេវា។

លោកអភិបាលរងស្រុក មានមតិបន្ថែមថា សូមអរគុណដល់តំណាងអង្គការទស្សនៈពិភពលោកដែលបានគាំទ្រនៅសកម្មភាពការងារគណនេយ្យភាពសង្គម និងសូមឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់ កត់ត្រា និងក្រេបយកចំណេះទាំងនេះ ដើម្បីយកមកអនុវត្តបំពេញនៅភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរថែមទៀត និងក្លាយជាធនធានមនុស្សសម្រាប់ជួយដល់មូលដ្ឋានភូមិ​-ឃុំ។

ជាចុងបញ្ចប់លោក ហ៊ូ វណ្ណៈ បានលើកទឹកចិត្តអ្នកស្ម័គ្រចិត្តជាស្ត្រីចំនួន២៩នាក់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការងារគណនេយ្យភាពសង្គម នៅពេលដែលសម្រាលបុត្រ រូបលោក និងក្រុមការងារនឹងចុះសួរសុខទុក្ខផ្ទាល់ផងដែរ៕