(សៀមរាប)៖ កាលពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ សហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ បានរៀបចំកម្មវិធី «ជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣)» ក្រោមអធិបតីភាពរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រមូលបានថវិកាចំនួន ៥៥៥,០០០,០០០រៀល។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មេធាវី, ក្រឡាបញ្ជី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀត ព្រមទាំងសមាជិក និងសមាជិកានៃក្រុមកីឡាសេនាយុត្តិធម៌ជាច្រើនរូបទៀត។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងការជិះកង់នៅតំបន់ប្រាសាទ, ការថតរូបអនុស្សារីយ៍នៅប្រាសាទអង្គរ ក៏ដូចជា កម្មវិធីដាំកូនឈើផងដែរ។

ក្រៅពីសកម្មភាពជិះកង់អង្គរដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣)នេះ, ក្រសួងយុត្តិធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ ក៏បានរៀបចំឱ្យមានកម្មវិធីដាំកូនឈើចំនួន ១,៧៥០ដើម នៅបរិវេណខាងត្បូងកស្សិណប្រាសាទអង្គរវត្ត, កម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពអង្គរ និងកម្មវិធីជួបសំណេះសំណាល និងនាំយកថវិកា ព្រមទាំងសម្ភារៈសិក្សាជូនដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៃសាលាបឋមសិក្សាវត្តបូព៌ផងដែរ។

លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ផ្តើមចេញពីសកម្មភាពកីឡា ដើម្បីរិតចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាការលើកកម្ពស់វិស័យយុត្តិធម៌, ក្រសួងយុត្តិធម៌ សហការជាមួយសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី, គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមកីឡាសេនាយុត្តិធម៌ តែងតែបានចូលរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ ដូចជាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា, ការបរិច្ចាគឈាម ក៏ដូចជាការធ្វើសកម្មភាពសង្គមនានា ដូចជា ការជួយដល់សិស្សដែលមានការលំបាកក្នុងជីវភាព, សកម្មភាពទេសចរណ៍, សកម្មភាពបរិស្ថាន ជាដើម។

លោករដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមកីឡាសេនាយុត្តិធម៌ និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរខេត្តសៀមរាប ដែលបានសហការរៀបចំកម្មវិធីជិះកង់អង្គរនេះប្រព្រឹត្តទៅដោយភាពរលូន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកវិជ្ជាជីវៈតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣) ដែលសកម្មភាពនេះគឺជាការចូលរួមចំណែកក្នុងបេសកកម្មដ៏មានសារៈសំខាន់របស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣) ក្នុងការជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា ដែលនេះគឺជាកិត្តិយស និងមោទនភាពសម្រាប់អ្នកដែលបានចូលរួមទាំងអស់ ហើយ ឯកឧត្តម ក៏បានស្នើសុំឱ្យបន្តពង្រឹង និងពង្រីកស្មារតីនៃការចូលរួមនេះបន្តទៀត៕