(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ៥គ្រួសារ (៥ខ្នងផ្ទះ) កាលពីវេលាម៉ោង៧៖៤៥នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នំា២០២៣ នៅចំណុចសំណង់មិនរៀបរយ ក្នុងភូមិ៤ ផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបានដឹងពីហេតុការណ៍ភ្លើងឆេះផ្ទះខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងការសោកស្តាយ ក្តីអាណិតអាសូរជាមួយប្រជាពលរដ្ឋរងគ្រោះ ហើយបានចាត់ឱ្យលោកស្រីផ្ទាល់ និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាខណ្ឌចំការមន ចុះសួរសុខទុក្ខ និងនាំយកអំណោយជួយសម្រាលការលំបាក ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះលោកស្រីបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តាំផ្ញើលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវតស៊ូបន្ដទៅទៀត ព្រោះយើងនៅមានជីវិតដូច្នេះ «ជីវិតជាការតស៊ូ» នោះយើងនឹងអាចទទួលបានលទ្ធផលល្អ ដែលកំពុងចាំយើងនៅថ្ងៃខាងមុខ។ ពេលនេះត្រូវពង្រឹងស្មារតី និងកម្លាំង ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រោះថាយើងនៅមានឱកាសជាច្រើន ដោយសារតែយើងកំពុងរស់នៅក្នុងសុខសន្តិភាព។

ប្រជាពលរដ្ឋរងគ្រោះខាងលើ ក្នុងមួយគ្រួសារៗ បានទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាខណ្ឌចំការមន និងទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នូវអង្ករ៨០គីឡូក្រាម, មីជាតិ ២កេស, ត្រីខ២០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, សាប៊ូដុសខ្លួន២ដប, តង់១ផ្ទាំង និងថវិកា ២០ម៉ឺនរៀល។

សូមជម្រាបថា ក្រោយអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋជាច្រើនករណីមកនេះ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ភ្លើងទៀន ធូប ចង្ក្រាន ហ្គាស់ ឱ្យបានត្រឹមត្រូវ ដោយសារថាគ្រោះអគ្គិភ័យនេះ វាធ្វើឱ្យវិនាសទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ខ្លះដល់អាយុជីវិតផងដែរ៕