(ភ្នំពេញ)៖ គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំសិក្ខាសាលា «ការអប់រំអំពីសុខភាព» រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ជាមួយនិស្សិតវិទ្យាសាស្រ្តសុខាភិបាល មកពីសមាគមនិស្សិតវិទ្យាសាស្ត្រសុខាភិបាលមូស្លីមកម្ពុជា ចំនួន ៥០នាក់ និងនិស្សិតអាហាររូបករណ៍មុខវិជ្ជាសុខភាពសាធារណៈរបស់មជ្ឈមណ្ឌលឯកសារកម្ពជាចំនួន ២នាក់។

សិក្ខាសាលានេះមានការចូលរួមពីវាគ្មិនលោក សាន់ សាប អ៉ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមនិសិ្សតវិទ្យាសាស្រ្តសុខាភិបាលមូស្លីមកម្ពុជា, លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា, លោកស្រី សូ ហ្វា រីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាប្រធានគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», លោក គ្រីស្តូហ្វ័រ ឌៀរីង អ្នកវាយតម្លៃគម្រោងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បណ្ឌិត លីហ្សា ប្រោន សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ស្តែនហ្វត និង ប៉ាឡូ អាតូ, វេជ្ជបណ្ឌិត ដេមី រៃយ៍ ទីប្រឹក្សាគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានមូលនិធិ ម៉េងលី ជេ. គួច។

ជាកិច្ចចាប់ផ្តើមនៅពេលព្រឹក លោកស្រី សូ ហ្វារីណា បានលើកឡើងពីអំពីគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» និងកិច្ចការរបស់មជ្ឈមណ្ឌលឯកសារថា មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដោយធ្វើការងារផ្តោតលើការប្រមូល ការចងក្រងឯកសារ ការបោះពុម្ពសៀវភៅ និងការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមដល់សិស្សានុសិស្ស ក្នុងគោលបំណង យុត្តិធម៌ និងការចងចាំ។ លោកស្រី សូ ហ្វារីណា បានបន្តថា ថ្មីៗនេះមជ្ឈមណ្ឌលឯកសារ បានធ្វើការងារទាក់ទងនឹងការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

គម្រោងនេះធ្វើយ៉ាងណា ឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលបាននូវសេវាសុខភាពកាន់តែប្រសើរឡើង និងចង់មានឲ្យមានការចូលរួមពីក្រុមនិស្សិតស្ម័គ្រចិត្តដែលត្រូវជាកូនចៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនោះ។ ក្រុមនិស្សិតស្ម័គ្រចិត្តអាចត្រឡប់ទៅធ្វើការងារនៅសហគមន៍របស់ខ្លួន។

លោកស្រី សូ ហ្វារីណា ក៏បានបង្ហាញអំពីផែនទីដែលក្រុមអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន១០៣០នាក់ បានចុះទៅសម្ភាសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន ៣២០០០ ដែលរស់នៅតាមតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជា និងគ្លីនិកឯកជនដែលមជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើការជាមួយកន្លងមក។

បន្ទាប់មក លោក គ្រីស្តូហ្វ័រ ឌៀរីង អ្នកវាយតម្លៃគម្រោងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានលើកឡើងអំពីចំណុចសំខាន់ៗទាក់នឹងបញ្ហាសុខភាព គឺការផ្លាស់ប្តូរឥរិយាបទ រួមមាន៖ ទម្លាប់នៃការរស់នៅ ទម្លាប់នៃការធ្វើការងារ និងទម្លាប់នៃការគិត។ ឧទាហរណ៍ទម្លាប់ដែលមិនល្អ ប៉ុន្តែបែរជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគិតថាល្អទៅវិញ ដូច្នេះប្រជាជនត្រូវតែផ្លាស់ប្តូរទម្លាប់មិនល្អបន្តិចម្តងៗ រហូតសុខភាពរបស់ពូកគាត់បានប្រសើរឡើង។ ទោះបីយ៉ាងណាការផ្លាស់ប្តូរទម្លាប់នេះ គឺមិនងាយស្រួលឡើយដោយសារប្រជាជនរស់នៅក្នុងស្ថានភាពផ្សេងៗគ្នា និងមានការយល់ឃើញខុសគ្នា។ យើងត្រូវប្រាប់ប្រជាជន ពីចំណុចល្អដែលគាត់ត្រូវអនុវត្តក្នុងការថែទាំសុខភាព ត្រូវប្រាប់គាត់ជាប្រចាំ ត្រូវផ្តល់ព័ត៌មាននៃការពិនិត្យសុខភាពជូនពួកគាត់ ព្រមទាំងផ្តល់ប្រភពធនធានជូនគាត់ដូចជាមធ្យោបាយទៅពិនិត្យសុខភាពជាដើម។

តមក បណ្ឌិត លីហ្សា ប្រោន សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ស្តែនហ្វត និង ប៉ាឡូ អាតូ បានលើកឡើងអំពីសារសំខាន់នៃការព្យាលបាលជំងឺផ្លូវចិត្តជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា ជំងឺទាំងនេះបានកើតចេញពីហេតុការណ៍ដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានជួបប្រទះកន្លងមក។ ជំងឺផ្លូវចិត្តនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានជួបហេតុការណ៍ភ្លាមៗ និងជំងឺផ្លូវចិត្តមួយចំនួនទៀតបានអូសបន្លាយរយៈពេលយូរ។

អ្នករស់រានមានជីវិតមួយចំនួន បានព្យាយាមលាក់បាំង និងគេចចេញពីជំងឺផ្លូវចិត្តដោយមិនមានការព្យាបាល ប៉ុន្តែជំងឺនេះនឹងត្រឡប់មកវិញនៅពេលអ្នកទាំងនោះមានវ័យកាន់តែចាស់ និងរស់នៅឯកោ។ ម្យ៉ាងទៀត អ្នកជំងឺត្រូវទទួលស្គាល់ថា គាត់មានបញ្ហាផ្លូវចិត្តដើម្បីឲ្យគាត់ត្រៀមខ្លួនដើម្បីប្រឹក្សាជាមួយក្រុមគ្រូពេទ្យជំនាញ។

ដោយឡែក វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានមូលនិធិ ម៉េងលី ជេ. គួច បានលើកឡើងថា សុខភាព និងការថែទាំងសុខភាពគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា។ ទោះបីយ៉ាងណា គាត់បានឲ្យដឹងថា បញ្ហាទាំងនេះក៏ជាប់ទាក់ទងនឹងការយល់ដឹងរបស់ក្រុមគ្រូពេទ្យដែលផ្តល់សេវាសុខភាពដែរ។ ជាក់ស្តែង គ្រូពេទ្យត្រូវមានពេលវេលាគ្រប់គ្រាន់ដើម្បីប្រឹក្សាដល់អ្នកជំងឺ ដើម្បីដឹងពីដើមហេតុដំបូងនៃជំងឺ ហើយត្រូវប្រើវិធីសាស្រ្តផ្សេងៗដើម្បីព្យាបាល។

លោក សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមនិសិ្សតវិទ្យាសាស្រ្តសុខាភិបាលមូស្លីមកម្ពុជា បានគូសបញ្ជាក់ថា ការរៀនសូត្រមុខវិជ្ជាវិទ្យាសាស្រ្តសុខាភិបាលគឺមិនមែនងាយស្រួលឡើយ។ នៅពេលយើងចាប់យកមុខវិជ្ជានេះ គឺយើងត្រូវសួរខ្លួនឯងថា យើងរៀនដើម្បីអ្វី?

លោកបន្តថា ប្រសិនបើយើងរៀនដើម្បីជួយសង្រ្គោះដល់មនុស្ស នោះយើងនឹងពង្រឹងសមត្ថភាព និងមានក្រមសីលធម៌ល្អចំពោះអ្នកជំងឺ។ យើងនឹងឃើញពីតម្លៃការងារ និងមានមោទកភាពចំពោះខ្លួនឯង។ លោក បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឲ្យយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់សិក្ខាសាលា និងចូលរួមឲ្យបានសកម្ម ហើយយកចំណេះដឹងដែលទទួលបានទៅអនុវត្តនៅក្នុងកិច្ចការរបស់ខ្លួន។

លោក សាន់ សាប់អី បានគូសបញ្ជាក់ នៅក្នុងសាសនាអ៊ីស្លាមអ្វីដែលយើងអាចយកទៅតាមខ្លួនបានគឺមានតែបីចំណុចប៉ុណ្ណោះ គឺ ៖

១៖ ការគោរពប្រណិប័តន៍សាសនាអ៊ីស្លាម
២៖ ការបរិច្ចាគទាន
៣៖ ការចែករំលែកចំណេះដឹងដល់សាសនិកអ៊ីស្លាមនិងមនុស្សទូទៅ។

ជាចុងក្រោយ លោកបានផ្តាំផ្ញើដល់និស្សិតទាំងអស់ឲ្យចេះបណ្តុះគំនិតទាំងអស់តាំងពីនៅរៀន ហើយត្រៀមខ្លួនឲ្យបានរួចរាល់នៅពេលបញ្ចប់ការសិក្សានិងចេញទៅធ្វើការតាមមន្ទីរពេទ្យ។

ចំណែក វេជ្ជបណ្ឌិត ដេមី រៃយ៍ ទីប្រឹក្សាគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» បានលើកឡើងថា តាមបទពិសោធន៍របស់គាត់ដែលជាវេជ្ជបណ្ឌិតជនជាតិហ្វីលីពីន កាន់សាសនាគ្រិស្ត មុនពេលចេញប្រកបការងារពេទ្យ រដ្ឋត្រូវឲ្យគាត់ស្បថ និងប្រកាន់ខ្ជាប់នូវចំណុចសំខាន់៤យ៉ាងគឺ ៖ ទី១) ចេះអាណិតអាសូរអ្នកផ្សេងដែលជូបការលំបាក ទី២) ត្រូវតាំងចិត្តថាជួយអ្នកដែលជួបការលំបាកនោះឲ្យបាន ទី ៣) ត្រូវមានសមត្ថភាព និងវិធីសាស្រ្តដើម្បីជួយអ្នកជួបការលំបាក និងទី៤) ត្រូវមានសេចក្តីក្លាហាន និងដឹងការប្រព្រឹត្តខុសឬត្រូវរបស់ខ្លួន។ ក្នុងន័យនេះគឺសំដៅលើភាពក្លាហានក្នុងការជួយអ្នកជំងឺដោយមិនរួញរា។ វេជ្ជបណ្ឌិត ដេមី រៃយ៍ ក៏បាននិយាយអំពីបទពិសោធន៍ដែលគាត់ធ្វើការងារជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជាចាប់តាំងពីឆ្នាំ២០១៦មក។

ដំបូងគាត់បានធ្វើដំណើរទៅតំបន់ជនបទដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជាជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីសាកសួរអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានដាក់ពាក្យបណ្តឹងទៅកាន់សាលាក្តីខ្មែរក្រហមអំពីបញ្ហាសុខភាព បន្ទាប់មកទើបគាត់ធ្វើការងារលើគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដើម្បីជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។

តាមរយៈគម្រោងសុខភាពនេះ បានរកឃើញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនកំពុងប្រឈមនឹងជំងឺ១០មុខ គឺ ១) ជំងឺលើសឈាម ២) ជំងឺក្រពះពោះវៀន ៣) ជំងឺគ្រុនចាញ់ ៤) ជំងឺផ្លូវចិត្ត៖ ៥) ជំងឺបេះដូង ៦) ជំងឺឈឺសន្លាក់ ៧) ជំងឺហឺតរ៉ាំរ៉ៃ ៨) ជំងឺទឹកនោមផ្អែម ៩) ជំងឺរបេង និង១០) ជំងឺឆ្កួតជ្រូក។ ក្នុងឱកាសនេះដែរ វេជ្ជបណ្ឌិត ដេមី រៃយ៍ ក៏ជំរុញឲ្យនិស្សិតដែលចូលរួមទាំងអស់ខិតខំប្រឹងរៀនរៀនសូត្រ និងធ្វើការ ហើយត្រូវគោរពតាមក្រមសីលធម៌ចំពោះអ្នកជំងឺ។

ទោះបីយ៉ាងណា ភាពភ័យខ្លាចដែលបន្សល់ទុកដោយរបបខ្មែរក្រហមបានកើតឡើងអស់ជាច្រើនឆ្នាំ ដូច្នេះរឿងរ៉ាវទាំងនេះមិនគួរត្រូវបានបំភ្លេចចោលឡើយ ខណៈអ្នករស់រានមានជីវិតពីអំពើឃោរឃៅនេះកាន់តែមានវ័យចំណាស់ ពិសេសចាស់ៗនៅតាមទីជនបទដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជា។ ជាង៤០ឆ្នាំបានកន្លងផុតទៅហើយ ហើយឥឡូវនេះសំឡេងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតែត្រូវបានគេឮ។

ស្នាមរបួស និងការចងចាំមិនល្អរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានអូសបន្លាយពេលជាច្រើនឆ្នាំកន្លងមក និងមិនបានចាកចេញឆ្ងាយពីពួកគេឡើយ។ អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមស្ទើរតែទាំងអស់សុទ្ធតែមានជីវភាពក្រីក្រ និងទទួលរងជំងឺដែលទាក់ទងនឹងវ័យចំណាស់ គួបផ្សំជាមួយការខ្វះខាតការយល់ដឹងអំពីការថែទាំសុខភាព និងកង្វះលទ្ធភាពទទួលបានការព្យាបាលនៅតាមគ្លីនិក និងមន្ទីរពេទ្យ។

គោលដៅសំខាន់មួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា គឺការរក្សាការចងចាំពីសោកនាដកម្មពីអតីតកាល ដើម្បីឲ្យមនុស្សជំនាន់ក្រោយយល់ដឹងអំពីការពិតដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងកុំឲ្យប្រវត្តិសាស្ត្រនេះកើតឡើងម្តងទៀត ព្រមទាំងជួយថែរក្សាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឲ្យមានសុខភាពល្អ និងមានអាយុវែងដែលអាចប្រាប់រឿងរ៉ាវរបស់ខ្លួនដល់មនុស្សជំនាន់ក្រោយ។ ក្នុងន័យនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាដើរតួនាទីចម្បងក្នុងផ្តល់សេវាថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើកិច្ចការនេះតាំងពីដើមឆ្នាំ២០១៦មកម្ល៉េះ ហើយកម្រងសំណួរត្រូវបានបង្កើតឡើងសម្រាប់ប្រមូលទិន្នន័យផ្ទាល់ខ្លួន និងបញ្ហាសុខភាពដោយផ្អែកលើរោគសញ្ញានៃជំងឺទូទៅ និងផលប៉ះពាល់ផ្លូវចិត្តលើសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បន្ទាប់ពីរយៈពេលជាង១ឆ្នាំ ដែលស្ទើរតែ៩៥ភាគរយ នៃអ្នករស់រានមានជីវិតពីខ្មែរក្រហមចំនួន ១៧៥០ រស់នៅក្នុងខេត្តចំនួន៧ ត្រូវបានសម្ភាសន៍ ពិនិត្យសុខភាព និងព្យាបាលតាមការណែនាំពីវេជ្ជបណ្ឌិត។

ចម្លើយរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមត្រូវបានប្រមូល វាយតម្លៃ និងវិភាគ ហើយលទ្ធផលបានបង្ហាញដូចខាងក្រោម ៖

* ៧៥ ភាគរយ គឺមានអាយុ៦០ ឆ្នាំ ដែលមានវ័យចាស់ និងចាស់ជរា
* ៩៥ ភាគរយ រស់នៅក្នុងស្ថានភាពក្រីក្រ រស់នៅជាមួយសាច់ញាតិ
* ៧០ ភាគរយ មិនមានសុខភាពល្អ
* ១០ ភាគរយ នៅតែទទួលរងពីសុបិនអាក្រក់ និងការធ្លាក់ទឹកចិត្តដែលទាក់ទងនឹងបទពិសោធន៍នៃអំពើឃោរឃៅពីខ្មែរក្រហម
* ជំងឺទូទៅគឺជំងឺទឹកនោមផ្អែមប្រភេទទី២ លើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺរបេង ជំងឺ COPD ជំងឺមហារីក និងជំងឺគ្រុនចាញ់។

មជ្ឈមណ្ឌលឯកសារកម្ពុជាសង្ឃឹមថា និស្សិតនឹងចូលរួមជាមួយយើងក្នុងនាមជាអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្រ្ត ដើម្បីជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជិត៥លាននាក់។ ទាំងនេះ ក៏ជាឱកាសដែលអ្នកស្ម័គ្រចិត្តបង្ហាញពីការយកចិត្តទុកដាក់ ការប្តេជ្ញាចិត្ត និងសមត្ថភាពនៃការធ្វើជាវេជ្ជបណ្ឌិតដ៏ល្អ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិន និស្សិតដែលចូលរួមបានលើកជាសំណួរទៅកាន់បណ្ឌិត លីហ្សា ប្រោន ថា «តើត្រូវធ្វើដូចម្តេចដើម្បីយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្តប្រជាជនឲ្យបានល្អ ស្របពេលដែលយើងខ្វះធនធាន?»។ ជាការឆ្លើយតប បណ្ឌិត លីហ្សា ប្រោន លើកឡើងថា កង្វះធនធានអ្នកមានចំណេះដឹងអំពីសុខភាពផ្លូវចិត្ត កង្វះសម្ភារ និងព័ត៌មានសម្រាប់ផ្តល់ឲ្យប្រជាជនពិតជាចាំបាច់ និងជាបញ្ហាប្រឈម ប៉ុន្តែយើងអាចនឹងមានការបណ្តុះបណ្តាលច្បាស់លាស់ ឈ្វេងយល់បន្ថែមពីអ្នកមានបញ្ហាផ្លូវចិត្ត និងពន្យល់គាត់ទាក់ទងសុខភាពផ្លូវចិត្ត។

ចំណែកនិស្សិតមួយចំនួនមានមតិយោបល់ទាក់ទងនឹងបទបង្ហាញរបស់លោក គ្រីស្តូហ្វ័រ ឌៀរីង អំពី «ការផ្លាស់ប្តូរឥរិយា» ថា វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពជា ប៉ុន្តែវាពិបាកក្នុងការអនុវត្តព្រោះត្រូវចំណាយពេលវេលាយូរទៅមុខទៀត ។

នៅពេលរសៀលថ្ងៃដដែល និស្សិតវិទ្យាសាស្រ្តសុខាភិបាល មកពីសមាគមនិស្សិតវិទ្យាសាស្ត្រសុខាភិបាល មូស្លីមកម្ពុជា ដឹកនាំដោយ លោកម សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមនិសិ្សតវិទ្យាសាស្រ្តសុខាភិបាលមូស្លីមកម្ពុជា រួមទាំងសិក្ខាកាម មកទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការទទួលស្វាគមន៍ពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។

នៅក្នុងឱកាសនោះលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្លែងថា មានប្រជាជនចំនួន៥លាននាក់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ដែលស្មើនឹង ៣៣% នៃប្រជាជនទូទាំងប្រទេសកម្ពុជា ដែលហាក់មិនសូវទទួលបានការយកចិត្តទុកដាក់។ អ្នករស់រានមានជីវិតទាំងនេះបានកសាងប្រទេសឡើងវិញពីបាតដៃទទេ ដែលត្រូវជា មា មីង អ៊ំ យាយ និងតារបស់យើង។ បច្ចុប្បន្ន អ្នកទាំងនេះមានវ័យកាន់តែចាស់ៗអស់ហើយ និងចាប់ផ្ដើមមានជំងឺ។ នៅក្នុងចំណោម៣៣% នៃអ្នករស់រានជីវិតពីរបបខ្មែរក្រហមទាំងនេះកំពុងប្រឈមនឹងជំងឺ១០យ៉ាងដូចគ្នា រួមមាន ១) ជំងឺលើសឈាម ២) ជំងឺក្រពះពោះវៀន ៣) ជំងឺគ្រុនចាញ់ ៤) ជំងឺផ្លូវចិត្ត ៥) ជំងឺបេះដូង ៦) ជំងឺឈឺសន្លាក់ ៧) ជំងឺហឺតរ៉ាំរ៉ៃ ៨) ជំងឺទឹកនោមផ្អែម ៩) ជំងឺរបេង និង១០) ជំងឺឆ្កួតជ្រូក។ នៅពេលមានតុលាការកាត់ទោស អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងនេះមិនបានទទួលសំណងឡើយ ដោយសារ ឧក្រិដ្ឋកម្ម និងអំពើប្រល័យពូជសាសន៍ មានទំហំធំធេង។ អ្នករស់រានមានជីវិតទាំងនេះខិតខំតស៊ូរកយុត្តិធម៌ហើយក្រោយមកគាត់ធ្លាក់ខ្លួនឈឺ។

លោក ឆាំង យុ បានបន្តថា «ខ្ញុំគិតថាយើងគួរតែធ្វើអ្វីបន្តិចជាទឹកចិត្ត ភាពស្មោះត្រង់ ការបរិច្ចាគ (ក្នុងសាសនាអ៊ីស្លាម) ជូនដល់គាត់បន្តិចបន្តួច។ យើងចង់ឲ្យគាត់បានពិនិត្យសុខភាព ហើយយើងត្រូវចុះទៅជួបគាត់នៅភូមិ ទោះមិនអាចបានជួបទាំងអស់ គឺបានត្រឹម១សែន ឬ២សែននាក់ក៏យើងធ្វើដែរ។ សព្វថ្ងៃប្រជាជនខ្លះដែលរួចរស់ពីសម័យខ្មែរក្រហមក៏មានជីវភាពធូរធារ ប៉ុន្តែអ្នកខ្លះក្រ និងអ្នកខ្លះទៀតពិការ ដូច្នេះយើងមើលថែអ្នកណាដែលពិបាកជាងគេ។ យើងធ្វើតាមលទ្ធភាពយើងអាចធ្វើបាន សំខាន់ចេញពីទឹកចិត្តស្មោះត្រង់។ ខ្ញុំចង់ឲ្យប្អូនៗរួមចំណែកជាមួយយើង គឺប្អូនអាចចុះទៅតាមសហគមន៍ជួបពួកគាត់»។

លោកបន្តថា ប្រសិនជាប្អូនឃើញថាគាត់លើសឈាម និងមានជំងឺរបេង តើប្អូនៗត្រូវធ្វើអី? នេះជាកិច្ចការយើង។
ជាទូទៅយើងផ្តល់អាហារ និងមធ្យោបាយធ្វើដំណើរជូនគាត់ដើម្បីទៅពិនិត្យសុខភាព និងពិនិត្យមើលឈាម។ កិច្ចការនេះតូច និងជាកិច្ចការដែលចាប់ផ្ដើមដំបូង ដែលយើងបានគិតគូរពីសុខភាពរបស់អ្នកដែលបានកសាងប្រទេសឡើងវិញ ដែលអ្នកទាំងនេះមិនត្រូវបានគេអើពើ។ ដូច្នេះបានជាយើងឲ្យសិស្ស និងនិស្សិតស្ម័គ្រចិត្តរាប់ពាន់នាក់ទៅជួបសួរសុខទុក្ខគាត់ និងយករបស់បន្តិចបន្តួចដែលគាត់នៅតែគិតថាមានតម្លៃជូនគាត់ ហើយឲ្យគាត់ប្រាប់រឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមប្រាប់មកយើងវិញ។

បន្ទាប់ពីទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ ក្រុមនិស្សិតពេទ្យមូស្លីមបានត្រឡប់មកទីកន្លែងប្រជុំដើម្បីពិភាក្សាពីពេលវេលាដែលខ្លួនអាចធ្វើការងារជាមួយក្រុមការងារ គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីជួយជនរងគ្រោះពីរបបខ្មែរក្រហមនៅតាមតំបន់ជនបទដាច់ស្រយាល និងថតរូបជុំគ្នាមុននឹងចប់កម្មវិធីនៅថ្ងៃនេះ៕