(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺមួយ ក្រោយសារព័ត៌មានខេមបូចា (CamboJANews) ដែលតែងតែអះអាងថា សារព័ត៌មានខ្លួន ជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន បែរជាផ្សាយព័ត៌មានខុសពីការពិត។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានទាមទារខេមបូចា ឲ្យកែតម្រូវអត្ថបទខ្លួនជាបន្ទាន់ ហើយក្នុងករណីមិនព្រមធ្វើការកែតម្រូវនោះទេ ក្រសួងព័ត៌មាន នឹងមានវិធានការទៅតាមសមត្ថកិច្ចរបស់ខ្លួន។

សេចក្តីបំភ្លឺ ដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា៖ «អ្នកនាំពាក្យក្រសួងព័ត៌មាន មានការខកចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មានខេមបូចា (CamboJANews) ដែលតែងតែអះអាងថា សារព័ត៌មានខ្លួន ជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែការបំពេញតួនាទីភារកិច្ចរបស់សារព័ត៌មានមួយនេះ គឺមិនបានត្រឹមត្រូវដូចការអះអាងរបស់ខ្លួននោះឡើយ។ សារព័ត៌មាននេះ តែងតែខិតខំផ្សព្វផ្សាយព័ត៌មាន ក្នុងចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើការអនុវត្ត តួនាទីភាកិច្ចរបស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ក្នុងការចុះផ្សាយអត្ថបទជាភាសាអង់គ្លេស ក្នុងគេហទំព័រ និងគណនីហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចំណងជើងថា «Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud» គឺសារព័ត៌មាននេះ បានកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានចំនួន០៣ តាមរយៈកិច្ចសម្ភាសមួយតាមប្រព័ន្ធតេឡេក្រាមរវាងអ្នកសារព័ត៌មានឈ្មោះ ឃួន ណារីម និងអ្នកនាំពាក្យក្រសួងព័ត៌មាន»

បើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន ការកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាននេះ គឺជាចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើក្រសួងព័ត៌មាន អំពីការសម្រេចចិត្តលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំង០៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ការកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារក្នុងកិច្ចសម្ភាសបែបនេះ ជាការអនុវត្តផ្ទុយទៅនឹងគោលការណ៍ នៃក្រមសីលធ៌មវិជ្ជជីវៈសារព័ត៌មាន ដែលមានចែងក្នុងច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ ករណីខាងលើនេះ ពុំមែនជាករណីលើកទីមួយ ដែលសារព័ត៌មាននេះ បានប្រព្រឹត្តិខុសឆ្គងនោះទេ គឺកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មានខេមបូចា (CamboJANews)នេះ ក៏បានចុះផ្សាយនូវអត្ថបទព័ត៌មានមួយជាភាសាអង់គ្លេសដែលមានចំណងជើងថា «UN says press freedom in Cambodia remains severely restricted» ក្នុងគេហទំព័រ និងគណនីហ្វេសបុករបស់ខ្លួនផងដែរ ប៉ុន្តែក្នុងខ្លឹមសារនៃអត្ថបទព័ត៌មាននោះ ក៏មានខ្លឹមសារខ្លះបានប្រឌិតពាក្យពេជន៍ដោយបំភ្លៃខុសពីការពិតទាំងស្រុង នូវពាក្យពេជន៍ឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងព័ត៌មានផងដែរ ហើយនៅពេលនោះអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏មានប្រតិកម្មចំពោះការចុះផ្សាយអត្ថបទនោះដែរ ប៉ុន្តែពុំមានការបញ្ជាក់ ឬកែតម្រូវលើខ្លឹមសារដែលបានចុះផ្សាយនោះទេ។

«ពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចខុសឆ្គងមួយដងជាពីរដងខាងលើនេះ អ្នកនាំពាក្យក្រសួងព័ត៌មានទាមទារឱ្យសារព័ត៌មានខេមបូចា (CamboJANews) ធ្វើការកែតម្រូវខ្លឹមសារអត្ថបទដែលខ្លួនបានចុះផ្សាយខាងលើនេះឡើងវិញជាបន្ទាន់ ដោយត្រូវដកស្រង់ឱ្យបានត្រឹមត្រូវ និងគ្រប់ចំណុចដែលបានបំភ្លឺបញ្ជាក់ដោយអ្នកនាំពាក្យក្រសួងព័ត៌មាន អំពីការលុបអជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំង០៣ នោះ និងត្រូវគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន ព្រមទាំងគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានការទទួលខុសត្រូវខ្ពស់។ ក្នុងករណី មិនព្រមធ្វើការកែតម្រូវនោះទេ ក្រសួងព័ត៌មាន នឹងមានវិធានការទៅតាមសមត្ថកិច្ចរបស់ខ្លួន»។ នេះបើលិខិតរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន។

ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់បន្ថែមផងដែរថា ការសម្រេចលុបអជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន០៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ គឺដោយសារតែអង្គភាពសារព័ត៌មានទាំង០៣នោះ បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ខ្វះការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធទៅនឹងព័ត៌មាន ដែលអង្គភាពសារព័ត៌មានរបស់ខ្លួនបានធ្វើការផ្សព្វផ្សាយ ហើយអង្គភាពសារព័ត៌មានទាំង០៣នោះ មិនបានធ្វើការកែតម្រូវនូវព័ត៌មានដែលខ្លួនបានផ្សព្វផ្សាយខុសពីការពិតនោះឡើយ។ បន្ថែមពីនេះ ការណ៍ដែលអង្គភាពសារព័ត៌មានទាំងនោះ ខិតខំផ្សព្វផ្សាយព័ត៌មានខុសពីការពិតអំពីករណីវិវាទដីធ្លីនៅខេត្តបន្ទាយមានជ័យនេះ គឺដោយសារតែអង្គភាពសារព័ត៌មានទាំងនោះ បានទទួលការពឹងពាក់ពីភាគីម្ខាងទៀត ដោយសន្យាថានឹងផ្តល់ជាសាគុណតបស្នងវិញ ប្រសិនដោះស្រាយទំនាស់ដីធ្លីខាងលើនេះ បានឈ្នះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងបន្ថែមដែរថា ម្យ៉ាងទៀត ករណីទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យខាងលើ គឺបានបិទបញ្ចប់ ដោយមានសាលក្រមស្ថាពរពីតុលាការគ្រប់លំដាប់ថ្នាក់រួចរាល់ផងដែរ។ ទង្វើខាងលើរបស់អង្គភាពសារព័ត៌មានទាំង ០៣នោះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលមានចែងក្នុងច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ការសម្រេចលុបអជ្ញាបណ្ណអង្គភាពសារព័ត៌មានទាំង០៣នោះ គឺផ្អែកលើការប្រមូលព័ត៌មានពិតពី ភាគីពាក់ព័ន្ធ នៃករណីនេះ មិនមែនការសម្រេចលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានទាំង០៣នោះ ដោយសារតែអង្គភាពសារព័ត៌មានទាំងនោះបានរាយការណ៍ព័ត៌មាន ប៉ះពាល់ដល់តួនាទីមន្ត្រីជាន់ខ្ពស់ក្នុងជម្លោះដីធ្លី ដូចការចុះផ្សាយរបស់សារព័ត៌មានខេមបូចា (CamboJANews) នោះឡើយ៕