(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមដ៏ធំមួយនៅក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីសំណាក់លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រី Siti Hasanah តំណាងទីភ្នាក់ងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមទាំងថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេសគម្រោង និងប្រពលរដ្ឋជាច្រើននាក់។

លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពិធីនេះធ្វើឡើងដើម្បីផ្តល់ជូនដល់អាជ្ញាធរខេត្តបាត់ដំបង​ អាចទទួលគ្រប់គ្រង និងប្រតិបត្តិបន្តដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ​ ផ្តោតទៅលើ​សុខុមាលភាព​ អនាម័យ​ និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ហើយគម្រោងនេះ​ក៏ចូលរួមចំណែក​ថែរក្សាការពារ សំដៅធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធទទួលបាននេះស្ថិតស្ថេរ គង់វង្សយូរអង្វែង។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងពីគម្រោងជាច្រើនទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលបាននិងកំពុងអនុវត្ត ក្នុងការចូលរួមលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមុខមាត់ខេត្តបាត់ដំបងទាំងមូល ដែលក្នុងនោះរួមមានដូចជា៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គម្រោងស្ថាបនាផ្លូវជាតិលេខ៥៧ តភ្ជាប់ទៅខេត្តប៉ៃលិន គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ទៅខេត្តកោះកុង គម្រោងស្ថាបនាផ្លូភ្ជាប់ត្រង់ទៅខេត្តសៀមរាប និងគម្រោងទីលានទុកដាក់សំរាមជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា មកដល់ពេលនេះ មានក្រុមហ៊ុនឯកជនមួយបានទទួលការអនុញ្ញាតឱ្យសិក្សាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ- បាត់ដំបង -ប៉ោយប៉ែត ផងដែរ។ ទាំងអស់នេះគឺជាលទ្ធផល កើតចេញពីសុខសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួង ដែលធ្វើឱ្យសុខុមាលភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ហើយអត្រាអាយុសង្ឃឹមរស់ក៏មានការកើនឡើងផងដែរ។

សូមបញ្ជាក់ថា ទីលានទុកដាក់សំរាមដ៏ធំមួយនេះ ស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ គម្រោងនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ២០.៨០ ហិកតា ដែលនឹងគ្រោងឱ្យ ប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី១ មានទំហំ ២.៩៤ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣​ ៧០៣ម៉ែត្រគូប សម្រាប់រយៈពេល ១០ ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជនក្នុង ក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការរំពឹងទុកប្រជាជនប្រមាណ ៦០% ដែលត្រូវជា ១២៦.០០០នាក់ នឹង​ទទួលបានសេវាកម្មផ្នែកអនាម័យ​បរិស្ថា​ន ពីទីលានចាក់សំរាមមួយនេះ។

ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវចូលរណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដាំដើមឈើជាដើម ហើយប្រើប្រាស់ថវិកាសាងសង់អស់ចំនួន ៦ ២៨៣ ៧៤៧ដុល្លារ ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រេីប្រាស់ថវិកាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។ ការសាងសង់ប្រើប្រាស់ ១២ខែ ម៉ៅការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុន SCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd ៕