(ណាហូយ, វៀតណាម)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក NGUYEN MINH VU (ង្វៀន ម៉ិញវូ) អនុរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តី នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស លើកទី២០ រៀបចំឡើងនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ដើម្បីផ្ដល់ធាតុចូលសំខាន់ៗ សម្រាប់ដាក់បញ្ចូលទៅក្នុងខ្លឹមសារកំណត់ហេតុកិច្ចពេញអង្គរបស់គណៈកម្មការចម្រុះ។

ក្នុងនោះផងដែរ គណៈប្រតិភូក្រសួងព័ត៌មានដឹកនាំដោយលោក លី វ៉ាន់ហុង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក៏បានធ្វើការពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម ក៏ដូចជារវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងសារគមនាគមវៀតណាម សំដៅនាំមកនូវឧត្តមប្រយោជន៍សម្រាប់គ្រប់ភាគី ពិសេសការងារត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ខ្លឹមសារសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការដែលជាធាតុចូលរបស់បណ្ដាក្រសួង-ស្ថាប័ន នៃប្រទេសទាំងពីរ នឹងត្រូវដាក់បញ្ចូលទៅក្នុងកំណត់ហេតុកិច្ចប្រជុំពេញអង្គ ហើយនឹងត្រូវចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសទាំងពីរ ក្នុងទិសដៅជំរុញពង្រីកកិច្ចសហប្រតិបត្តិ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕