(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា ជីវិតរបស់សម្តេចជួបនូវការផុយស្រួយយ៉ាងខ្លាំង លើការធ្វើកំណែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ច។

ថ្លែងក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី កែទម្រង់គ្រប់គ្រង​ហិរញាវត្ថុសាធារណៈដំណាក់កាលទី៤ សម្តេចតេជោ បានឲ្យដឹងថា ការធ្វើកំណែទម្រង់របស់សម្តេចទាំង ២វិស័យនោះ រួមមាន ទី១ កំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជាតាមរយៈការចរចា និងទី២ កំណែទម្រង់ខាងសេដ្ឋកិច្ច។ សម្តេចលើកឡើងថា បញ្ហាផ្ទៃក្នុងមិនយល់គ្នាជាគ្រោះថ្នាក់ធំណាស់ ក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំអាចនិយាយបានថា ខ្ញុំជីវិតរបស់ខ្ញុំនេះ គឺជាជីវិតប្រឈមជាមួយគ្រោះថ្នាក់គ្រប់ពេល មិនមែនគ្រាន់តែបញ្ហាយកក្បាលខ្ញុំទៅដោះដូរ ជាមួយនឹងការរស់រានមានជីវិតចេញពីរបបខ្មែរក្រហមនោះទេ ហើយក៏មិនមែនការរយកក្បាលរបស់ខ្ញុំទៅដោះដូរជាមួយសន្តិភាពដែលអ៊ុនតាក់មិនអាចសម្រេចបាននោះដែរ។ ប៉ុន្តែ ក្បាលរបស់ខ្ញុំក៏បានដោះដូរជាមួយនឹងកំណែទម្រង់ដែលត្រូវបានធ្វើ នៅពេលដែលខ្ញុំចាប់ផ្តើមតំណែងជាផ្លូវការជានាយករដ្ឋមន្ត្រី។ ពេលនោះជាជីវិតខ្ញុំ ពិតជាគ្រោះថ្នាក់និងផុយស្រួយ នៅពេលថា នៅពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំដាក់ចេញនូវកញ្ចប់កែទម្រង់ ២ ដើរទន្ទឹមជាមួយគ្នា។ ទី១ កំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយបញ្ហាជម្លោះកម្ពុជា តាមរយៈនៃការចរចា។ ចំណុចនេះ ក៏ជាគ្រោះថ្នាក់នៃគ្រោះថ្នាក់របស់ខ្ញុំ។ ទី២ គឺកំណែទម្រង់ខាងសេដ្ឋកិច្ចនោះឯង»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ។ ការរស់រានរបស់កម្ពុជានាពេលនេះ គឺបានមកដោយការធ្វើកំណែទម្រង់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មានកម្លាំងសង្កត់៣ ធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ និងការធ្វើកំណែទម្រង់ រួមមាន ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងបក្សក្រោយពេលផ្តួលរំលំខ្មែរក្រហម ទី២៖ របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា និងទី៣ ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរី។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្តលើក​ដំបូងពី២០០៤-២០០៨, ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦-២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់របស់កម្ពុជា បានធ្វើជាបន្តបន្ទាប់ដោយមិនចាំជំនួយរបស់បរទេសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬថវិកាជាតិ។ នៅឆ្នាំ២០០៣ មុនការចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់នេះ ចំណូល ថវិកាជាតិសរុប មានប្រមាណតែ ១ ៨២១ ប៊ីលាន រៀលប៉ុណ្ណោះ រីឯចំណាយថវិកាជាតិមានប្រមាណ ២ ៩៩៤ ប៊ីលានរៀល។

សម្តេចតេជោ លើកឡើងទៀតថា រយៈពេល២០ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២ ៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល។ សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០៕