(ភ្នំពេញ)៖ សហរដ្ឋអាមេរិក បានប្រកាសពង្រីកការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជា ក្រោមកម្មវិធីអនុគ្រោះពន្ធទូទៅ (GSP) ដោយរាល់ផលិតផលវ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហៅប៉ៅ ដែលផលិតនៅកម្ពុជា អាចនាំចូលទៅអាមេរិកបាន ដោយមិនបង់ពន្ធឡើយ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ទើបចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដានេះ។

ការពង្រីកប្រព័ន្ធ GSP មិនត្រឹមតែផ្តល់ឲ្យកម្ពុជានូវលទ្ធភាពចូលទៅក្នុងទីផ្សានាំចូល របស់សំរាប់ការធ្វើដំណើរដែលមានតំលៃចំនួន១០ពាន់លានដុល្លាអាមេរិក នៅក្នុងសហរដ្ឋអាមេរិក តែប៉ុណ្ណោះទេ តែវាថែមទាំងលើកទឹកចិត្តដល់ការអភិវឌ្ឍថែមទៀតនៃឧស្សាហកម្មវាយនភណ្ឌរបស់កម្ពុជា ទៅក្នុងផ្នែកថ្មីៗនៃផលិតកម្ម ដែលផ្តល់ការចំណេញ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានលើកឡើងថា « ការប្រកាសរបស់ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក អាចបើកទីផ្សាមួយថ្មី ទាំងស្រុងសំរាប់ក្រុមហ៊ុន នាំចេញកម្ពុជា ហើយអាចបង្កើតឲ្យមានការងាររាប់ពាន់សំរាប់ប្រជាជនកម្ពុជា។ យើងលើកទឹកចិត្តឲ្យផលិតករកម្ពុជា ទាញយកប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយបង្កើនមុខវិស័យ នៃមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ជួយជំរុញកំណើនលូតលាស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ»

គួរបញ្ជាក់ថា GSP គឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្មដែលមានចំណាស់ ៤០ឆ្នាំមកហើយ ដោយនៅក្រោមកម្មវិធីនេះ គ្មានការយកពន្ធលើទំនិញនាំចូលជាច្រើន ពីប្រទេសកំពុងអភិវឌ្ឍនិងផលិតផល បន្ថែមទៀតពីប្រទេស LDBDCs ។ លោកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Michael Froman បានបន្ថែមថា «យើងបានប្រើកម្មវិធីនេះ ដើម្បីផ្តល់ដល់ប្រទេសក្រីក្រជាងគេខ្លះក្នុងពិភពលោក នូវជំនួយយ៉ាងសំខាន់ នៅក្នុងទំនាក់ទំនងជាមួយគូប្រជែង ដែលមានកំរិតសមត្ថភាពខ្ពស់»

នៅក្រោមកម្មវិធី GSP ផលិតផលចំនួនប្រហែល ៥០០០មុខមកពីប្រទេសកំពុងអភិវឌ្ឍ និងដែនដីជាអ្នកទទួលផល ដោយរួមមានប្រទេសដែល មានការអភិវឌ្ឍន៍ តិចជាងគេចំនួន ៤៣ប្រទេស អាចធ្វើការនាំចេញទៅកាន់សហរដ្ឋអាមេរិកដោយមិនបាច់បង់ពន្ធ។ មានតែប្រទេស LDBDCs ទេ ដែលមិនត្រូវបានតំរូវឲ្យបង់ពន្ធ លើផលិតផលចំនួនជិត ១៥០០ នៃផលិតផលទាំងនោះ ។ នៅក្នុងឆ្នាំ ២០១៥ ទំនិញនាំចូលទៅក្នុងសហរដ្ឋអាមេរិក ដោយគ្មានការបង់ពន្ធ នៅក្រោមកម្មវិធី GSP មានតំលៃសរុបចំនួន ១៧,៤ ពាន់លានដុល្លាអាមេរិក។

ច្បាប់ពន្យារការអនុគ្រោះផ្នែកពាណិជ្ជកម្ម (TPEA) នៃឆ្នាំ ២០១៥ បានផ្តល់ឲ្យ លោកប្រធានាធិបតី Obama នូវអំណាច ក្នុងការបន្ថែមទំនិញជាផលិតផលខ្លះ សំរាប់ការធ្វើដំណើរ ទៅក្នុង GSPដោយ អាស្រ័យលើដំណើរការវាយតំលៃឡើងវិញទៀងទាត់ និងទៅតាមការស្នើសុំ។ ចំណុចតូចបន្ទាប់ចំនួន ២៧ នៅក្នុងកាលកំណត់ នៃពន្ធលើទំនិញនាំចូលដែលមាន លក្ខណៈសុខដុម  (Harmonized Tariff Schedule ឬ HTS)  ដែលមាននិយាយនៅក្នុង TPEA រួមមានវ៉ាលី កាបូបដៃ កាបូបស្ពាយ និងរបស់ដាក់ក្នុងហោប៉ៅ (ដូចជាកាបូបលុយ)៕