(ភ្នំពេញ)៖ ផលិតកម្ម ថោន បានរៀបចំពិធីក្រុងពាលី​ថតរឿងថ្មីមួយ ជាលើកដំបូង​ក្នុងពិភពភាពយន្ត មានចំណងជើងថា «ទឹកចិត្តម្ដាយសម័យថ្មី» ដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែង ដោយអ្នកស្រី ពាន់ ភួងបុប្ផា បន្ទាប់ពីផលិតកម្មដ៏​ធំមួយនេះបានទទួល​ ជោគជ័យក្នុងការផលិត បទ​ចម្រៀងលក់នៅលើទីផ្សារ ដោយមានការគាំទ្រខ្លាំងក្លា ពីសំណាក់មហាជន។

ពិធីក្រុងពាលីថតរឿង «ទឹកចិត្តម្ដាយសម័យថ្មី» នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅឯភូមិគ្រិះអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានការចូលរួមពីសំណាក់ លោកស្រី ជួប មាន ចាងហ្វាងផលិតកម្ម ថោន និងជាប្រធានក្រុមហ៊ុន ថោនគ្រុប,អ្នកស្រី ពាន់ ភួង បុប្ផា អ្នកនាង ស៊ឹម សូលីកា កញ្ញា ឌុច លីដា អ្នកនាង សុខ សោម៉ាវត្តី អ្នកនាង ស្វែង សុជាតា ព្រមទាំង អ្នកដឹកនាំសម្ដែង និងតារាក្មេងចាស់មួយចំនួនទៀត។

អ្នកនិពន្ធ និងដឹកនាំសម្ដែងល្បី អ្នកស្រី ពាន់ ភួងបុប្ផា បានថ្លែងប្រាប់ក្នុងពិធីក្រុងពាលីនោះថា ខ្សែភាពយន្តរឿង «ទឹកចិត្តម្ដាយសម័យថ្មី» ជារឿងមួយត្រូវបាន​អ្នកស្រីនិពន្ធឡើង ដើម្បីឆ្លុះបញ្ចាំងពីតថភាព រស់នៅរបស់សង្គមមនុស្សនា ពេលបច្ចុប្បន្ននេះ ​ដោយបង្ហាញថា តើក្នុងនាមកូនដែលមានម្ដាយ ជាអ្នក​មានទ្រព្យ គេរស់នៅរបៀបណា ? កូនមានម្ដាយកម្រិតជីវភាពមធ្យម​ តើរស់នៅបែបណានិងកូនមាន ម្ដាយជាអ្នកក្រខ្សត់ តើរស់នៅរបៀបណា? ម្យ៉ាងទៀតអ្នកនិពន្ធរូបនេះ ក៏បានបញ្ចូលនូវឈុតឆាកកំប្លែងខ្លះៗ ដើម្បីឲ្យផ្ទៃរឿងទាំងមូល មានលក្ខណៈរស់រវើក។

អ្នកស្រី ពាន់ ភួងបុប្ផា បានបន្តទៀតថា ខ្លឹមសារសំខាន់សម្រាប់រឿងនេះ គឺចង់បង្ហាញពីទឹកចិត្តម្ដាយចំពោះកូន ទោះបីជាម្ដាយកំពុងតែ ស្ថិតក្នុងឋានៈណា ក៏ម្ដាយនៅតែគិតគូ​ ចំពោះកូន ខំតស៊ូចំពោះកូន ហើយក៏ចង់បង្ហាញឲ្យកូនចេះ​យល់ ពីទឹកចិត្តរបស់ម្ដាយស្វែងយល់នូវ ទឹកចិត្តរបស់ម្ដាយ ដែលបានធ្វើមកលើកូន កុំដោយសារតែសម័យបច្ចេកវិទ្យា ជឿនលឿនពេក ធ្វើឲ្យឃ្លាតរវាងមនោសញ្ចេតនា​​ម្ដាយ និងកូន។

អ្នកនិពន្ធល្បីរាប់ឆ្នាំរូបនេះ បន្ថែមទៀតថា អ្វីដែលកាន់តែពិសេសនោះ គឺក្នុងរឿង​ «ទឹកចិត្តម្ដាយសម័យថ្មី» គឺអ្នកស្រីបានប្រមែប្រមូលតារា សម្ដែង៣ជំនាន់ មកសម្ដែងរួមគ្នាដើម្បីឲ្យសាច់រឿងមានលក្ខណៈ​លេចធ្លោឡើង និងចង់ឲ្យទស្សនិកជន​ នៅ​ចងចាំតារាសម្ដែងទាំងនោះ ព្រោះបើចេះតែបាត់វត្តមានយូរៗទៅ អាចធ្វើឲ្យមហាជនភ្លេចមុខពួកគាត់ ហើយពេលបានមកប្រមូលផ្ដុំគ្នាជាថ្មីនេះគឺជារសជាតិថ្មីនៃ សាច់រឿង ដែលមិនងាយនឹងមានផលិតករណា​ ធ្វើបានឡើយ។

សូមបញ្ជាក់ថា បើយោងតាមអ្នកស្រី ពាន់ ភួងបុប្ផា បានបន្ថែមថា រឿង «ទឹកចិត្តម្ដាយសម័យថ្មី» នឹងមានការចូលរួមសម្ដែងដោយតារា ជំនាន់មុននិងជំនាន់ក្រោយល្បីៗជាច្រើនដួង រួមមាន អ្នកនាង អម្ពរ ទេវី, អ្នកស្រី ឌី សាវ៉េត, ​អ្នកនាង ស៊ឹម សូលីកា ,អ្នកនាង សុខ សោម៉ាវត្តី, កញ្ញា ឌុច លីដា អ្នកនាង ស្វែង សុជាតា ព្រមទាំងវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀត៕