(កំពត)៖ កម្លាំងនគរបាលខេត្តកំពត ឃាត់ខ្លួនអគ្គលេខារងម្នាក់ និងបុគ្គលិក២នាក់ របស់សហព័ន្ធសហជីព២ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា អ្នកទាំង៣នេះពាក់ព័ន្ធ ក្នុងករណីញុះញង់ឲ្យកម្មករធ្វើកូដកម្ម ប្រឆាំងរោងចក្រកាត់ដេរឈ្មោះ CAMBO T.D.G Co,Ltd ក្នុងស្រុកកំពង់ត្រាច។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៣នេះ ទី១ឈ្មោះ យន់ សំបូរ អាយុ៣១ឆ្នាំ ជាអគ្គលេខារងសហជីពពលកម្មខ្មែរ ទី២ឈ្មោះ សុខ ស៊ីដែន អាយុ៣៦ឆ្នាំ និង៣ឈ្មោះ មាស តូក អាយុ៣៥ឆ្នាំ ជាបុគ្គលិកសហព័ន្ធសហជីពសេរីកម្មករខ្មែរ។

មន្ត្រីនគរបាលដដែល បន្តថាការឈានទៅឃាត់ខ្លួននូវជនសង្ស័យទាំង៣នាក់ខាងលើ គឺយោងតាមពាក្យបណ្តឹងរបស់លោក YAKUP AKTOPRAK ជនជាតិទួគី ជាប្រធានផ្នែកផលិតកម្ម តំណាងក្រុមហ៊ុន CAMBO T.D.G Co,Ltd ដែលជនសង្ស័យទាំង៣នាក់នេះ បានធ្វើសកម្មភាព ញុះញង់ឲ្យក្រុមកម្មករ នៅរោងចក្រ នៃក្រុមហ៊ុនខាងលើ ដែលមានទីតាំងនៅភូមិដើមពោធិ៍ ឃុំអង្គសូភី ស្រុកកំពង់ត្រាច ខេត្តកំពត ធ្វើកូដកម្មអូសបន្លាយ ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៥ ខែកក្កដា ម្សិលមិញនេះ ទោះបីមានការសម្រសម្រួល ពីមន្ទីរការងារខេត្ត រវាងតំណាងរោងចក្រ និងពួកកម្មករយ៉ាងណាក៏ដោយ ក្រុមកម្មករមិនព្រមឈប់ដែរ។

សកម្មភាពតវ៉ានេះកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់ពួកកម្មកររាប់រយនាក់ បានយកតុ-កៅអី បិតផ្លូវរោងចក្រ មិនឲ្យរថយន្តដឹកទំនិញចេញ ចូលបាន និងមានសម្រែកពីអ្នកញុះញង់ ជាច្រើននាក់ ថា «ថៅកែមិនគោរពកិច្ចសន្យា កម្មករដែលមិនចូលរួមធ្វើកូដកម្ម ជាអ្នកខ្លាចចាំតែទទួលផល រីឯសមត្ថកិច្ចដែលមករោងចក្រ គឺមកកាងឲ្យរោងចក្រ ព្រោះបានប្រយោជន៍ពីថៅកែរោងចក្រ»។ល។

សូមបញ្ជាក់ថា កន្លងមករោងចក្រនេះ បានបញ្ឈប់កម្មករ២១នាក់ ក្រោយពីមានការទាមទារ សម្របសម្រួល ហើយភាគីរោងចក្រ បានអនុញ្ញាត្តិឲ្យកម្មករ១៩នាក់ ចូលធ្វើការធម្មតាវិញ រីឯ២នាក់ទៀត ទុក១រយៈសិន និងបើកប្រាក់ឈ្នួលពាក់កណ្តាល។ ក្រុមញុះញង់ខាងលើ យកលេសមិនព្រមឲ្យកម្មករ២នាក់ ចូលធ្វើការ ហើយបែរជាមកបង្កើតរឿងតែម្តង។ ដូច្នេះសកម្មភាពនេះ សមត្ថកិច្ចរកឃើញថា មានមន្ត្រីសហជីពនានា ជាក់ស្តែងជនសង្ស័យ៣នាក់ខាងលើ ក្នុងចំណោមគូរកនផ្សេងទៀត លូកដៃចូលដើម្បីញុះញង់ ឲ្យកម្មករធ្វើកូដកម្ម និងអាចឈានទៅប្រព្រឹត្តបទល្មើសផ្សេងៗទៀត ម្យ៉ាងសកម្មភាពដែលពួកគេប្រព្រឹត្ត ដឹកនាំធ្វើ គឺជាកូដកម្ម ដោយគ្មានការសុំអនុញ្ញាត្តិច្បាប់ ពីអាជ្ញាធរ។ បន្ថែមពីនេះ ជាការញុះញង់ឲ្យប្រព្រឹត្តបទល្មើស បិតផ្លូវ និងប្រឆាំងអ្នករាជការសាធារណៈនេះ ធ្វើឲ្យអ្នកញុះញង់ទាំងនេះបំពាននឹងមាត្រា៤៩៤ ៤៩៥ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ៕