(ភ្នំពេញ) ៖ កម្មករសំណង់ម្នាក់បានដាច់ខ្យល់ស្លាប់ ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ខណៈ២នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីជនរងគ្រោះទាំង៣នាក់ ចុះស្តារអាងទឹក ក្នុងខុនដូដែលកំពុងសាងសង់មួយកន្លែង ស្ថិតនៅចំណុចផ្លូវលេខ១១១ កែងផ្លូវ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ចំពោះហេតុការណ៍ខាងលើនេះ បានកើតឡើង តាំងពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែទើបបែកធ្លាយនៅរសៀលថ្ងៃនេះ ដោយសារតែនគរបាលប៉ុស្តិ៍បឹងព្រលិត បានព្យាយាមលាក់បាំងព័ត៌មានខាងលើ មិនឲ្យមានការផ្សព្វផ្សាយនោះទេ។ សាក្សីបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សំរិត សំមន អាយុ៥០ឆ្នាំចំណែក២នាក់ ដែលកំពុងសង្គ្រោះបន្ទាន់ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមសេចក្តីរាយការណ៍ មុនពេលកើតហេតុ មេការសំណង់ខុនដូ ដែលកំពុងសាងសង់នោះ បានឲ្យកម្មករទាំង៣នាក់ ចុះស្តារអាង ហើយមិនដឹងយ៉ាងម៉េច ស្រាប់តែមានអាការដួលសន្លប់រហូតដល់ស្លាប់តែម្តង។ នៅរសៀលថ្ងៃដដែលនេះអាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងចុះពិនិត្យមើល ដើម្បីចង់ដឹងមូលហេតុពិតប្រាកដ ដែលនាំស្លាប់កម្មករ៕