(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានអំពាវនាវ ដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំង៥ភូមិ ក្នុងឃុំកោះជុំ ត្រូវទៅពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ ឱ្យបានគ្រប់ៗគ្នា មុនពេលអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូន ព្រោះកសិករ គឺពឹងផ្អែកទៅលើដីទាំងស្រុង សម្រាប់ធ្វើកសិកម្ម អាជីវកម្មគ្រប់បែបយ៉ាង ហើយដីមានសារៈសំខាន់ណាស់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះគប្បីបងប្អូនត្រូវចេះគ្រប់គ្រង ចេះបែងចែក និងប្រើប្រាស់ដីឱ្យបានត្រឹមត្រូវចំគោលដៅ ។

ការអំពាវនាវបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ឱ្យប្រជាពលរដ្ឋដែលមានក្បាលដី នៅក្នុងភូមិផ្ទះព្រីង ភូមិដំរីស ភូមិដងឡង ភូមិដងរុង និងភូមិស្តុកជុំ ក្នុងឃុំកោះជុំ ស្រុកកណ្ដៀង មកពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ មុននឹងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូន។ ក្នុងពិធីនេះ ក៏មានវត្តមានលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាច្រើននាក់ផងដែរ។

លោក ឱន សទ្ធា អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា  ភូមិទាំង៥ គឺភូមិផ្ទះព្រីង ភូមិដំរីស ភូមិដងឡង ភូមិដងរុង និងភូមិស្តុកជុំ ក្នុងឃុំកោះជុំ ត្រូវបានមន្រ្តីជំនាញ ចុះធ្វើការវាស់វែង តាំងពីចុងខែសីហា ឆ្នាំ២០១៥ ហើយបានបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ មានផ្ទៃដីជាង ២២២១,៩៦ហិកតា ស្មើនឹង ៤៧០៦ក្បាលដី ក្នុងនោះដីលំនៅដ្ឋាន១០៥៣ក្បាលដី ដីកសិកម្ម៣៣០៨ក្បាលដី ក្រៅពីនោះគឺជាដីសាលារៀន ដីទួលកប់ខ្មោច ដីទួលរួមភូមិ ដីទួលអ្នកតា ដីវត្ត ដីអណ្តូង ដីស្រះ ដីគណបក្ស ដីទំនាស់ និងដីម្ចាស់មិនមកបំពេញទិន្នន័យ។ លោកបន្ដថា ការបិទផ្យាយរយៈពេល១៥ថ្ងៃនេះ គឺមានគោលបំណង ឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំង៥ភូមិ មកពិនិត្យផ្ទៀងផ្ទាត់ ទៅលើប្រភេទដីរបស់ខ្លួន ដោយភ្ជាប់មកជាមួយនូវបង្កាន់ដៃ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ផ្តិតមេដៃនូវចំពោះមុខមន្ត្រីជំនាញនៅប្រចាំការ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ មុននឹងចេញប័ណ្ណកម្មសិទ្ធិជាផ្លូវការជូន។

លោកបន្ថែមថា ផ្អែកតាមការវិនិច្ឆ័យ និងការស្រង់ទិន្ន័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៃភូមិទាំង៥នេះ ឃើញថាបងប្អូនមិនមកបំពេញទិន្ន័យមានចំនួន ៣០១ក្បាលដី ហេតុនេះសូមឱ្យបងប្អូន ជួយធ្វើការផ្សព្វផ្សាយបន្ត ព្រោះការបិទផ្សាយនេះ មានតែរយៈពេល៣០ថ្ងៃប៉ុណ្ណោះ។

បន្ថែមពីនេះ លោក ចេង ឡៃ អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំបំពេញភារកិច្ច ក្នុងការវាស់វែង និងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋលើអចលនវត្ថុទាំងដីរដ្ឋ និង ដីឯកជន ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងផ្លូវការ។

លោកបានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដោះស្រាយ និងកែទម្រង់ស៊ីជម្រៅលើវិស័យដីធ្លី សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានកាន់កាប់ដី ប្រកបដោយសុវត្ថិភាព រឹងមាំ និងស្របច្បាប់ ពោលពួកគាត់មានដីសម្រាប់ ធ្វើកសិកម្ម សិប្បកម្ម អាជីវកម្ម ក្នុងន័យលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ។

លោកក្នុងនាមអាជ្ញាធរខេត្ត លោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ទៅពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ ឱ្យបានគ្រប់ៗគ្នា ព្រោះយើងដឹងហើយថា កសិករគឺពឹងផ្អែកទៅលើដីទាំងស្រុង សម្រាប់ធ្វើកសិកម្ម អាជីវកម្មគ្រប់បែបយ៉ាង ហើយដីមានសារៈសំខាន់ណាស់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះគប្បីបងប្អូនត្រូវចេះគ្រប់គ្រង ចេះបែងចែក និងប្រើប្រាស់ដីឱ្យបានត្រឹមត្រូវចំគោលដៅ។

ជាចុងក្រោយ លោកក៏បានផ្ដាំផ្ញើរទៅដល់ប្រជាពលរដ្ឋ សូមចូលរួមសហការគ្នា ក្នុងអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ពិសេសពាក់ព័ន្ធទៅនឹងគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដែលបានជះឥទ្ធិពលមិនល្អឱ្យមជ្ឈដ្នានខាងក្រៅ រិះគន់មកលើថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្នាន៕