(ប៉ៃលិន)៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានបើកកិច្ចប្រជុំមួយពាក់ព័ន្ធជាមួយផែនការ ដាំកូនឈើ តាមផ្លូវជាតិលេខ៥៧ ជាមួយលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច គ្រប់ស្ថាប័នជំនាញប្រជុំវិញខេត្ត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

ផែនការដាំកូនឈើតាមដងផ្លូវជាតិលេខ៥៧នេះ គឺមន្ទីរអង្គភាពជំនាញជុំវិញខេត្តទាំងអស់ ត្រូវចាប់ផ្តើមដាំក្នុងខែកក្កដានេះ ដោយមន្ទីរអង្គភាពនីមួយៗ ត្រូវទទួលខុសត្រូវដាំកូនឈើ ក្នុងរយៈចំងាយផ្លូវ៣០០ម៉ែត្រ ដោយចាប់ផ្តើមពីចំណុចគល់ស្ពានអូតាវ៉ៅ រហូតដល់ចំណុចផ្លូវបំបែកទៅសាលាក្រៅ ចំណុចផ្លូវជាតិលេខ៥៩ និងផ្លូវនានា ក្នុងក្រុងប៉ៃលិនមួយចំនួនទៀត។ ចំណែកកូនឈើ ដែលត្រូវយកទៅដាំនេះមាន ដើមក្ងោក ត្របែកព្រៃ ដើមលឿងរាជ ដោយមានមន្ទីរបរិស្ថាន និងរដ្ឋបាលព្រៃឈើត្រូវសហការគ្នា ផ្តល់ពូជកូនឈើទាំងអស់នេះ។

លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានលើកឡើងថា «យើងត្រូវដាំដើមឈើ សម្រាប់ទ្រទ្រង់បរិស្ថាន គម្របព្រៃឈើពណ៌បៃតងឡើងវិញ និងដើម្បីឲ្យមានសោភ័ណភាពល្អក្នុងខេត្ត ទាក់ទាញផ្ញៀវទេសចរណ៍ ក៏ដូចជាការចូលរួមក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត របស់រាជរដ្ឋាភិបាល»

លោកបានបន្តថា កន្លងមកយើងបានដាំដើមឈើ ច្រើនមកហើយ តែមិនទទួលបានលទ្ធផលល្អទេ ដោយមានដើមឈើរបស់យើងច្រើនណាស់ត្រូវងាប់ ដោយសាកត្តាផ្សេងៗ ដូច្នេះការដាំដើមឈើនាពេលនេះ មន្ទីរអង្គភាពទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាកូនឈើឲ្យបានល្អ កុំឲ្យកូនឈើងាប់ ហើយក៏ត្រូវណែនាំកុំឲ្យប្រជាពលរដ្ឋ យកសត្វពាហនៈមកចងក្បែរ នាំឲ្យជាន់ងាប់ដើមឈើទាំងនោះ៕