(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោក នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញប្រតិបត្តិការ ប្រមាញ់ចាប់បានជនសង្ស័យ២នាក់ ដែលបានជិះម៉ូតូឆក់ខ្សែកតាមផ្លូវពីជនរងគ្រោះ នៅចំណុចផ្លូវលេខ១៥៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយបានធ្វើការឃាត់ខ្លួន និងប្រមូលបានទ្រព្យសម្បត្តិទាំងអស់មកវិញ ព្រមទាំងបានឆែកឆេរ ហើយបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ទៀត។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ុង យុទ្ធាថៃ ហៅក្អូន អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងឈ្មោះ ឡុង សុវណ្ណារិទ្ធ ហៅឡុង អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះ មានឈ្មោះ មាស សាវី ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីទិញម្ហូបនៅផ្សារគីឡូលេខ៤ ជិះម៉ូតូជាមួយប្តីតាមបណ្តោយផ្លូវលេខ១៥៦ ពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូតាមពីក្រោយ ហើយអែបទន្ទឹមខាងឆ្វេងដៃ ធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះបានសម្រេច និងព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនេះ ជនរងគ្រោះក៏បានស្រែកចោរៗ។

នៅពេលឮសម្រែកជនរងគ្រោះភ្លាម កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចេញអន្តរាគមន៍យ៉ាងរហ័ស ដេញស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់​ បាននៅចំណុចមុខសាលាឆទាន ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងចាប់យកបានវត្ថុតាងជាក់ ស្តែងតែម្តង។

វត្ថុតាងដែលដកហូតបាន មានខ្សែកប្លាទីនសមួយខ្សែ ទម្ងន់៣ជី (បានប្រគល់ឲ្យជនរងគ្រោះវិញ), ម៉ូតូមួយគ្រឿងម៉ាក Suzuki Let's ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1E-0308 ព្រមទាំងម្ស៉ៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកក១កញ្ចប់។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕