(ភ្នំពេញ)៖ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (World Bank) ប្រចាំតំបន់អាស៊ីខាងកើត និង ប៉ាស៊ីហ្វិក បានបង្ហាញការប្តេជ្ញាចិត្តថា នឹងផ្តល់ជំនួយបច្ចេកទេស និងគាំទ្រដល់ការតភ្ជាប់បណ្តាញដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ។

ការប្រកាសគាំទ្រ និងជួយធ្វើឲ្យប្រសើរការតភ្ជាប់បណ្តាញដឹកជញ្ជូន នៅកម្ពុជានេះ បានធ្វើឡើងក្នុងពេលដែលលោកស្រី Victoria Kwa Kwa ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។

ក្នុងជំនួបនោះ លោកស្រី Kwakwa បានគូសបញ្ជាក់ថា របៀបវារៈពាណិជ្ជកម្ម និងការតភ្ជាប់បណ្ដាញដឹកជញ្ជូន ជាធាតុផ្សំដ៏សំខាន់នៃក្របខណ្ឌយុទ្ធសាស្រ្ត របស់ធនាគារពិភពលោក សម្រាប់ការចូលរួមជាដៃគូ នាពេលអនាគត ដែលរាប់បញ្ចលទាំងការប្រមូលព័ត៌មានលម្អិត ការសិក្សាពីភាពពិតជាក់ស្តែង និងបញ្ហានានា នៃឧស្សាហកម្មដឹកជញ្ជូននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងពីសារៈសំខាន់ នៃបណ្តាញតភ្ជាប់ការដឹកជញ្ជូន និងការបង្កើតជាមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីការដឹកជញ្ជូន ឬ ភស្តុភាកម្ម ហើយបានប្តេជ្ញាចិត្តធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ ដែលក្រុមហ៊ុននានា អាចផ្តល់សេវាដល់អតិថិជនរបស់ខ្លួនទាំងក្នុងស្រុក និង លក្ខណៈអន្តរជាតិ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រី Kwakwa ផងដែរថា កម្ពុជាមានផែនការបង្កើតក្រុមប្រឹក្សាដឹកជញ្ជូន ឬភ័ស្តុភាមួយ និងបានស្នើឲ្យធនាគារពិភពលោក ជួយបង្កើតនូវសេចក្តីព្រាងលក្ខខណ្ឌ នៃការងារ (ToR) ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមប្រឹក្សានេះ៕