(អឺរ៉ុប)៖ បន្ទាប់ពីមានការវាយប្រហារពីប្រទេសមួយ ទៅប្រទេសមួយនៅតំបន់ទ្វីបអឺរ៉ុប ពីសំណាក់ក្រុម ISIS ដោយបាន សម្លាប់មនុស្ស និងរងរបួសជាច្រើននាក់ក្នុងមួយលើកៗ។ ប៉ុន្តែថ្ងៃនេះសូមលើកហេតុផលចំនួន៥ ស្តីពីហេតុអ្វីបានជា ISIS ដាក់គោលដៅវាយប្រហារប្រទេស នៅអឺរ៉ុប?

១៖ មានភាពងាយស្រួល៖ ទ្វីបអឺរ៉ុបបច្ចុប្បន្នកំពុងទទួលយកជនភៀសខ្លួន ស៊ីរីរាប់លាននាក់។ ហេតុនេះពួកឧទ្ទាមរដ្ឋឥស្លាម ISIS ងាយស្រួលក្នុងការបញ្ជូនសកម្មប្រយុទ្ធរបស់ខ្លួនទៅអឺរ៉ុប ដោយបន្លំជាមួយជនអន្តោប្រវេសន៍ យ៉ាងងាយស្រួល ដោយពុំមានការទាមទារឲ្យមានលិខិតឆ្លងដែន ច្បាស់លាស់នោះឡើយ។

២៖ ទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង៖ ជាធម្មតានៅពេលអំពើភេរវកម្មកើតឡើងចំពោះប្រទេស នៅតំបន់អាហ្វ្រិក ឬមជ្ឈឹមបូព៌ា ពិភពលោកហាក់មិនសូវចាប់អារម្មណ៍ ចំពោះបញ្ហានេះឡើយ។ ហេតុផលដោយសារ វាហាក់ដូចជាធម្មតាទៅហើយសម្រាប់អំពើភេរវកម្ម ដែលតែងតែកើតមាននៅក្នុងតំបន់ទាំងនោះ។ ហេតុនេះ ការបង្កការវាយប្រហារសារជាថ្មីទៀត ក៏មិនអាចបង្កើនការចាប់អារម្មណ៍ខ្លាំងបានឡើយ។ ផ្ទុយទៅវិញនៅពេលភេរវករធ្វើការវាយប្រហារនៅបណ្តាប្រទេស នៅអឺរ៉ុប ស្ទើរគ្រប់សារព័ត៌មានទាំងអស់សុទ្ធតែសរសេរពីរឿងនេះ ហើយពិភពលោក ហាក់មានការចាប់អារម្មណ៍ជាខ្លាំង។ ជាក់ស្តែងយើងសាកពិនិត្យមើលប្រតិកម្មរបស់មនុស្សបន្ទាប់ពីការវាយប្រហារនៅទីក្រុង ប្រុចសែល និងប៉ារីស គឺពិភពលោកហាក់មានការចាប់អារម្មណ៍ជាខ្លាំង រហូតមានការចាត់វិធានការណ៍ក្តៅផ្សេងៗ ឆ្លើយតបនឹងការវាយប្រហារនោះ។

៣៖ ពួកភេរវករប្រឆាំងនឹងអរិយធម៌លោកខាងលិច៖ ប្រទេសនៅអឺរ៉ុប ជាតំណាងអរិយធម៌លោកខាងលិច ដែលជាសត្រូវសួរពូជសម្រាប់ ពួកឧទ្ទាមឥស្លាមជ្រុលនិយម ដូចជាពួកឧទ្ទាម ISIS ជាដើម។ សូមជម្រាបថា ឈ្មោះរបស់ពួកឧទ្ទាម Boko Haram មានន័យស្រដៀងនឹងពាក្យថា «ប្រព័ន្ធអប់រំតាមបែបលោកខាងលិច ត្រូវបានហាមឃាត់ដាច់ខាត»។ ទោះបីសហរដ្ឋអាមេរិក ក៏ជាសត្រូវរបស់ភេរវករដូចគ្នា ប៉ុន្តែការចូលទៅកាន់ទឹកដី ប្រទេសមហាអំណាចមួយនេះ មិនមែនជារឿងងាយស្រួលឡើយ ហេតុនេះប្រទេសនៅអឺរ៉ុប គឺជាគោលដៅចម្បង។

៤៖ ងាយស្រួលអូសទាញមនុស្ស៖ ប្រទេសអឺរ៉ុបខាងលិចមួយចំនួន មានប្រជាពលរដ្ឋកាន់សាសនាឥស្លាមច្រើន។ ហេតុនេះវាបង្កភាពងាយស្រួល សម្រាប់ពួកឧទ្ទាម ISIS ក្នុងការអូសទាញអ្នកដែលកាន់សាសនាឥស្លាមស្រាប់ ឲ្យចូលរួមសកម្មភាពវាយប្រហារ ជាជាងការកែប្រែមនុស្សឲ្យកាន់សាសនា ឥស្លាមហើយទើបអូសទាញតាមក្រោយ ព្រោះវាមានផលលំបាកច្រើន។

៥៖ ប្រទេសនៅអឺរ៉ុប ចូលរួមយុទ្ធនាការបាញ់ប្រហារតាមផ្លូវអាកាស៖ ប្រទេសជាច្រើននៅអឺរ៉ុប ជាពិសេសអង់គ្លេស និងបារាំងបានក្លាយជាតួអង្គដ៏សំខាន់ ក្នុងប្រទេសសម្ព័ន្ធមិត្តក្រោមការដឹកនាំរបស់សហរដ្ឋអាម៉េរិកក្នុងយុទ្ធនាការវាយប្រហារ និងទម្លាក់គ្រាប់បែកតាមផ្លូវអាកាស។ សូមបញ្ជាក់ថា ប្រទេសបារាំង ទើបតែចាប់ផ្តើមចូលរួមក្នុងសម្ព័ន្ធមិត្តនេះ បន្ទាប់ពីមានហេតុការណ៍វាយប្រហារនៅទីក្រុងប៉ារីស។ វាជារឿងធម្មតាដែលក្រុមភេរវករតែងតែ ចង់កម្ចាត់សត្រូវរបស់ខ្លួន ជាក់ស្តែងដូចជាពួកឧទ្ទាម ISIS ជាដើម ដែលច្រើនដាក់គោលដៅវាយប្រហារ ទៅលើបណ្តាប្រទេសសម្ព័ន្ធមិត្តទាំងនោះ។

សូមជម្រាបថា ថ្មីៗនេះ ពួកភេរវករបានបង្កើនសកម្មភាពវាយប្រហាររបស់ខ្លួន កាន់តែខ្លាំងឡើងៗ នៅតាមទីតាំងសំខាន់ៗ ជាក់ស្តែងដូចជាការវាយប្រហារ នៅរដ្ឋធានីអ៊ីស្តង់ប៊ុល ប្រទេសតួកគី ការចាប់ចំណាប់ខ្មាំងនៅរដ្ឋធានី ដាកា ប្រទេសបង់ក្លាដែស និងការបាញ់ប្រហារនៅទីក្រុង បាដាត ប្រទេសអ៉ីរ៉ាក់ជាដើម ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស៕