(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវជនមិនស្គាល់មុខបាញ់១គ្រាប់ ត្រូវចំកែងជើងខាងឆ្វេង បណ្តាលឲ្យរងរបួស ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះភ្លាមៗ នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ៤៣២ ក្រោយរោងចក្រដែកគោល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះមានឈ្មោះ ប្រាក់ សុខឃាង អាយុ៥២ឆ្នាំ មានមុខរបធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួល ក្រោយរោងចក្រដែកគោល បន្ទប់លេខ៤A ចំណែកប្ដីមានឈ្មោះ ធន ធឿន អាយុ៥៥ឆ្នាំ មានមុខរបរត់ម៉ូតូឌុប ស្នាក់នៅជាមួយគ្នា។

តាមសាក្សីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគាត់ បានសំរាកក្នុងបន្ទប់ ដោយចាំប្ដីយូរពេក ព្រោះប្ដីរបស់គាត់ត្រូវបានបងប្អូន នៅបន្ទប់ជិតគ្នាហៅមកផឹកស៉ី ពេលនោះគាត់បានចេញពីបន្ទប់ ដើរមកហៅប្ដីទៅបន្ទប់សំរាក ស្រាប់តែមានជនមិនស្គាល់មុខបានបាញ់១គ្រាប់ មិនដឹងបាញ់មកពីទីណា បណ្ដាលឲ្យត្រូវកែងជើងខាងឆ្វេងរងរបួស ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានចុះមកដល់បានមកកន្លែងកើតហេតុ បានសួរនាំជនរងគ្រោះ និងប្រមូលវត្ថុតាង ដើម្បីកំណត់មុខសញ្ញាឈាន ទៅដល់ចាប់ខ្លួនជនដៃដល់ មកផ្ដាន្ទាទោសទៅតាមផ្លូវច្បាប់។

យ៉ាងណាក៏ដោយ លោក តេង សីុណូ អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា នៅពេលកើតហេតុភ្លាមៗនោះ លោកបានដឹកនាំកម្លាំងនគរបាល​ ចុះទៅកាន់កន្លែងកើតហេតុ ប៉ុន្តែក្រោយការសួរនាំសាក្សី និងប្រជាពលរដ្ឋ គឺពុំមានការបាញ់ឡើយនៅទីនោះឡើយ មិនដឹងថា គ្រាប់នេះវាធ្លាក់ មកពីខាងណានោះទេ។ ប៉ុន្តែកម្លាំងរបស់លោក បាននិងកំពុងបន្តស្រាវជ្រាវតាមដាន ទៀតដើម្បីស្វែងរកមូលហេតុច្បាស់លាស់៕