(ភ្នំពេញ)៖ តាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២២ បង្ហាញថា អត្រាស្លាប់ដោយសារជំងឺ របេងនៅកម្ពុជាបានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម២១ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។ ចំណែកឯអត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម២៨៨ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។

នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហូត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងឱកាសបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៦ ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត ហូត ចាន់យុដា បានថ្លែងបន្ដថា «អត្រាស្លាប់ដោយជំងឺរបេងនៅកម្ពុជាធ្លាក់ចុះ៥០%នេះ បើផ្អែកតាមចំណាត់ថ្នាក់ថ្មី នៃប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកដែល បានប្រកាសដោយអង្គការសុខភាពពិភពលោកក្នុងត្រីមាសទី២ ឆ្នាំ២០២១ កន្លងមកនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងពុំស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ សម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥»

ទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងតារាងបញ្ជីប្រទេសដែលនៅតែមានការគាំទ្រ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ រាប់បញ្ចូលទាំងអង្គការសុខភាពពិភពលោកផងដែរ។

ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានបន្ដថា នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ ដោយមានជំនួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលល្អរបស់មន្ត្រីសុខាភិបាលបម្រើការនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាមួយសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល បានធ្វើឱ្យកម្មវិធីជាតិកំចាត់ រោគរបេង បានទទួលសមិទ្ធិផលថ្មីៗថែមទៀត ពិសេសគឺការរក្សាបានអត្រាព្យាបាលជោគជ័យបាន ៩៥.៥% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ ៩០%។

លើសពីនោះស្រាវជ្រាវជំងឺរបេងសរុបបាន ៣២,៨៦៥ ករណី (ដែលឆ្នាំ ២០២១ មាន ២១,៦២៧ ករណី)។ កម្មវិធីជាតិកំចាត់រោគរបេង រក្សាបាននូវការគ្របដណ្តប់នៃសេវារបេងបាន ១០០% នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ទូទាំងប្រទេស។ ដូតស៍តាមសហគម៍ត្រូវបាន ពង្រីកពី៥០៦ មណ្ឌលសុខភាពនៅឆ្នាំ២០០៨ ដល់ ៦៤៤ មណ្ឌលសុខភាព នៅឆ្នាំ២០១៨ ហើយកម្មវិធី ជាតិបានបន្តពង្រីកការងារដូតស៍សហគមន៍នេះបាន ១,១៤៧ មណ្ឌលសុខភាព នៅក្នុងស្រុកប្រតិបត្តិ ចំនួន៨៩ នៅឆ្នាំ២០២២នេះ។ការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត។

លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា បច្ចុប្បន្ននេះ យើងមានមន្ទីរពេទ្យ ចំនួន៩២កន្លែង កំពុងប្រើប្រាស់ម៉ាស៊ីនជិនអ៊ិចស្ពើច ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺរបេង ។សកម្មភាពសហការការងារ របេងអេដស៍ មាននៅ គ្រប់ស្រុកប្រតិបត្តិទាំងអស់នៅឆ្នាំ២០២២ ដែលក្នុងឆ្នាំ២០០៨ មាន៥៧ស្រុកប្រតិបត្តិប៉ុណ្ណោះ ហើយសេវារបេងកុមារក៏មាននៅគ្រប់ស្រុកប្រតិបត្តិផងដែរ។ កម្មវិធីជាតិកំចាត់រោគរបេង មានមណ្ឌលព្យាបាលជំងឺរបេងស៊ាំថ្នាំច្រើនមុខចំនួន ១១កន្លែង នៅឆ្នាំ២០២២។

សម្រាប់ការងារកំចាត់រោគរបេងក្នុងអំឡុងឆ្នាំ២០២៣-២០២៤ ខាងមុខនេះ នៅមានកិច្ចការជាច្រើនដើម្បីបំពេញស្របតាមយុទ្ធសាស្ត្របន្ទាប់ជំងឺរបេង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។ ដើម្បីសម្រេចបានទិសដៅឆ្នាំថ្មី ២០២៣ ក៏ដូចជាឆ្នាំបន្តលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានផ្ដល់ជាគន្លឹះដូចជា៖

១៖ ត្រូវខិតខំធ្វើយ៉ាងណាស្រាវជ្រាវរកករណីជំងឺរបេងគ្រប់សណ្ឋានឲ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មីរបស់កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។

២៖ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេង ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺឲ្យឆាប់មកទទួល សេវារបេង ប្រកបដោយគុណភាព។

៣៖ ត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ និងពិសេសការអង្កេតស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធិជាមួយនឹងអ្នកជំងឺរបេង និងក្រុមមានហានិភ័យខ្ពស់ ដូចជាក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៏ អ្នកកើតទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងនៅពន្ធនាគារជាដើម។

៤៖ បន្តពង្រឹងការសហការការងាររបេងស៊ាំថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត អត្រាឈឺ និងស្លាប់ដោយសារបញ្ហានេះ។

៥៖ ត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាងជិតស្និទ្ធិជាមួយនឹងភាគីពាក់ព័ន្ធ៕