(ភ្នំពេញ)៖ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតជូនដល់ពលរដ្ឋខ្មែរ ដែលកំពុងបំពេញការងារ និង រស់នៅក្រៅប្រទេស។

នៅក្នុងលិខិតដាក់ជូន គ.ជ.ប នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ តំណាងរាស្រ្តមកពីគណបក្សប្រឆាំងនៅកម្ពុជា បានស្នើ គ.ជ.ប រៀបចំការិយាល័យ នៅតាមព្រំដែនខ្មែរថៃ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋខ្មែរជាច្រើនសែននាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ បានចុះឈ្មោះបោះឆ្នោត ហើយក៏អាចមកបោះឆ្នោតបានផងដែរ។ សម្រាប់បណ្តាប្រទេសឆ្ងាយៗមិនមានព្រំដែនជាប់ជាមួយកម្ពុជាវិញ តំណាងរាស្រ្តបក្សប្រឆាំង ស្នើឲ្យបង្កើត ការិយាល័យនៅតាមស្ថានទូត និងស្ថានកុងស៊ុលខ្មែរ ដើម្បីឲ្យពលរដ្ឋខ្មែរ ក៏ដូចជាមន្រ្តីស្ថានទូត អាចចូលរួមចុះឈ្មោះ និងបោះឆ្នោត ដូចប្រជាពលរដ្ឋនៅក្នុងប្រទេស។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា សំណើរបស់ពួកគេធ្វើឡើងតាមសំណើរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ នៅក្រៅប្រទេស៕