(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ជាគ្រូពេទ្យ គឺត្រូវតែអភិវឌ្ឍចំណេះដឹងជាបន្ដបន្ទាប់ មិនត្រូវនៅនឹងថ្កល់នោះទេ ដែលទាមទារត្រូវពង្រឹងតែសមត្ថភាព និងឥរិយាបថ ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងការពេញចិត្ដ។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីសុខាភិបាល ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

លោករដ្ឋមន្ដ្រីបានថ្លែងជំរុញដល់គ្រូពេទ្យថា «គ្រូពេទ្យ ជាតម្រូវការមួយដែលមិនត្រូវនៅនឹងថ្កល់នោះទេ ត្រូវរៀនសូត្រ និងអភិវឌ្ឍចំណេះដឹងបន្ថែម រួមទាំងពង្រឹងសីលធម៌ ដើម្បីឆ្លើយតមនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសទទួលបានការគោរពរាប់អានស្រលាញ់យើងកាន់តែច្រើន»។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំដល់មន្ទីរពេទ្យកុមារជាតិ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើការកសាងសមត្ថភាពគ្រូពេទ្យ និងក្រមសីលធម៌គ្រូពេទ្យ ដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកជំងឺដែលចូលមកពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លើសពីនោះ លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «មន្ទីរពេទ្យកុមារជាតិជាដៃគូជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផា ដែលពិនិត្យព្យាបាលជំងឺដល់កុមារ ហើយជាមន្ទីរពេទ្យដែលត្រូវពង្រឹង តាមគោលនយោបាយរាជរដ្ឋាភិបាល ជាពិសេសបច្ចេកវិទ្យា និងសីលធម៌វិជ្ជាជីវៈ ព្រោះកុមារជាអនាគតប្រទេសជាតិយើង ដូច្នេះការវិនិយោគលើស្ដ្រី និងកុមារនេះ បានន័យថាការអភិវឌ្ឍប្រទេសជាតិនៅថ្ងៃខាងមុខ ។ដូច្នេះហើយបានជាសម្ដេចតេជោនាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្ដទុកដាក់ខ្ពស់ណាស់»។

លោករដ្ឋមន្ត្រីបានបន្តថា ចំណែកក្រមសីលធម៌ ត្រូវប្រុងប្រយត្ន័ទាំងអស់គ្នា កុំធ្វេសប្រហែសឱ្យសោះ ត្រូវពង្រឹងនូវចំណេះដឹង ពីក្រមសីលធម៌ឲ្យបានហ្មត់ចត់ និងតាមដាន និងវាយតម្លៃពីការអនុវត្តកមសីលធម៌ឲ្យបានទៀងទាត់ និងជាប្រចាំដើម្បីធានាថាមន្ទីរពេទ្យកុមារជាតិ ពិតជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវក្រមសីលធម៌វិជ្ជាជីវៈ។

ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ-ចិត្ត នាំមកនូវស្នាដៃជូនមន្ទីរពេទ្យ ជូនក្រសួងសុខាភិបាល ក៏ដូចជាជូនប្រជាជនកម្ពុជា គួរជាទីមោទនៈពិសេសមន្ទីរពេទ្យកុមារជាតិ បានចូលរួមកាត់បន្ថយនូវអត្រាមរណភាពកុមារ ឲ្យធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ប្រទេសកម្ពុជា បានទទួលពានរង្វាន់កិត្តិយសពី អង្គការសុខភាពពិភពលោក លើការងារនេះថែមទៀតផង។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាយើងទាំងអស់គ្នាបានមើលឃើញពីវឌ្ឍនភាព និងសមិទ្ធផលរបស់មន្ទីរពេទ្យយើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើនក៏ដោយ ក៏កុមារកម្ពុជានៅ ប្រឈមនឹងគ្រោះថ្នាក់នៃការឈឺ និងការស្លាប់នៅខ្ពស់នៅឡើយ បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេស ជិតខាងរបស់យើង ដែលទាមទារឲ្យយើងត្រូវតែបន្តនូវការខិតខំប្រឹងប្រែងមួយជំហានបន្ថែមទៀតដែរ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា មន្ទីរពេទ្យបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍគុណភាពសេវាកម្មភិបាល និងការពង្រឹងសមត្ថភាពបុគ្គលិកទាំងចំណេះដឹង ជំនាញ និងឥរិយាបថ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ រហូតអាចក្លាយជាគ្រូបង្គោលថ្នាក់ជាតិ ដែលអាចផ្ដល់ការបង្ហាត់បង្រៀនបន្តដល់គ្រូពេទ្យគិលានុបដ្ឋាក ឆ្មប តាមបណ្តាខេត្តនានា និងចូលរួមជាសមាជិកគន្លឹះ ជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំចងក្រងគោលការណ៍ណែនាំជាតិ នីតិវិធីប្រតិបត្តិការស្តង់ដារ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ជាតិនៃជំនាញផ្សេងៗក្នុងវិស័យសុខាភិបាលផងដែរ ជាពិសេសគឺការចូលរួមយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលក្នុងការសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ១៩។

លោកនាយកមន្ទីរពេទ្យបានទទួលស្គាល់ថា ទន្ទឹមនិងសមទ្ធិផលដ៏គួរឱ្យមោទនភាពនេះ មន្ទីរពេទ្យក៏ប្រឈមបញ្ហាខ្វះខាតមួយចំនួនដែរ ដូចជាសម្ភារៈបរិក្ខារឯកទេស សម្រាប់បំពេញការងារទៅតាមកំណើ នរបស់អតិថិជន ចំពោះគុណភាព គឺសមត្ថភាពបុគ្គលិកជាទូទៅនៅមានកម្រិតនៅឡើយ ជាពិសេសគឺសមត្ថភាពឯកទេស។

ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិត បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមលើកកម្ពស់សេវារបស់មន្ទីរពេទ្យ ទាំងបរិមាណនិងគុណភាព ដោយផ្តោតពិសេសទៅលើក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងសេវាមន្ទីរពេទ្យឱ្យឈានទៅដល់កម្រិតបទដ្ឋានមួយ ដែលផ្ដល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕