(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងនូវការអំពាវនាវយ៉ាងទទូចដល់ម្ចាស់សហគ្រាសទាំងអស់ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ សូមប្រញាប់មកដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ២០២២ ឲ្យបានមុនឱសានវាទដែលត្រូវបិទបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

ការថ្លែងរបស់លោករដ្ឋមន្ត្រីធ្វើឡើង ក្នុងឱកាសចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពី ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ ​។

លោកបានថ្លែងដូច្នេះថា «ខ្ញុំសូមរំលឹក និងអំពាវនាវដោយទទូចដល់សហគ្រាសទាំងអស់ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ សុំប្រញាប់រួសរាន់មកដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញរបស់ខ្លួន នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តាមការពិនិត្យមើលតាមប្រព័ន្ធអនឡាញ នៃប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ គឺមានសហគ្រាសមួយចំនួនធំហើយ ដែលបានមកដាក់លិខិតប្រកាសបង់ពន្ធលើប្រាក់ចំណេញនេះ ដោយគ្រាន់តែបានដាក់លិខិតប្រកាស តែការបង់ពន្ធនៅមិនទាន់បង់នៅឡើយទេ ព្រោះឱសានវាទនៃការផុតកំណត់ គឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣»។

លោករដ្ឋមន្ត្រីបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ ToI E-Filing អាចឲ្យអ្នកជាប់ពន្ធវាយបញ្ចូលទិន្នន័យរបស់ខ្លួន យ៉ាងងាយស្រួល។

លោកបញ្ជាក់ថា តាមច្បាប់ និងបទបញ្ញត្តិអ្នកដែលមិនបានបំពេញកាតព្វកិច្ចប្រកាស និងបង់ពន្ធលើប្រាក់ចំណេញ គឺត្រូវរងនូវទោសទណ្ឌពិន័យ ហើយក៏ជាកម្មវត្ថុ នៃការធ្វើសវនកម្មផងដែរ៕