(ភ្នំពេញ)៖ ក្រោមអនុស្សារណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០១៩ រវាងក្រុមប្រឹក្សាធម្មនុញ្ញា និងក្រសួងអប់រំ យុវជន និងកីឡា ភាគីទាំងពីរបានសម្រេចប្រកាសជាផ្លូវការ ចាប់ផ្តើមអនុវត្តបញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សាហើយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ពិធីប្រកាសអនុវត្ត MoU និងពិធីប្រកាសចាប់ផ្តើមបណ្តុះបណ្តាលក្រុមគ្រូឧទ្ទេសទូទាំង ២៥រាជធានីខេត្ត ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកអគ្គបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅសណ្ឋាគារ Hyatt Regency ។

ខ្លឹមសាររដ្ឋធម្មនុញ្ញមាន ៤០មាត្រាត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំង ៣កម្រិត ពោលចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ នេះបើតាមលោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។

អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានបន្តថា មាត្រាដែលបានបញ្ចូលក្នុងសៀវភៅទាំង ៣កម្រិត ទាំង៤០មាត្រា គឺមាត្រា១, មាត្រា៥, មាត្រា៦, មាត្រា៧, មាត្រា៨, មាត្រា៣១, មាត្រា៣៤, មាត្រា៣៥, មាត្រា៣៦, មាត្រា៣៨, មាត្រា៤១, មាត្រា៤២, មាត្រា៤៣, មាត្រា៤៥, មាត្រា៤៧, មាត្រា៤៨, មាត្រា៤៩, មាត្រា៥០, មាត្រា៥១, មាត្រា៦៤, មាត្រា៦៦, មាត្រា៦៨, មាត្រា៦៩, មាត្រា៧០, មាត្រា៧៤, មាត្រា៧៦, មាត្រា៩០, មាត្រា៩៩, មាត្រា១១២, មាត្រា១១៣, មាត្រា១១៨, មាត្រា១១៩, មាត្រា១២៣, មាត្រា១៣៣, មាត្រា១៣៦, មាត្រា១៣៧, មាត្រា១៤៥, មាត្រា១៤៦, មាត្រា១៥០, មាត្រា១៥១។

លោក អ៉ឹម ឈុនលឹម បានថ្លែងថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់កម្ពុជា ដែលបុគ្គលគ្រប់រូបត្រូវគោរពប្រតិបត្តតាមក្នុងឋានៈជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ លោកបន្តថា ការយល់ដឹងអំពីគោលការណ៍ធំៗដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺជាមូលដ្ឋានគ្រឹះចាំបាច់ និងមានសារសំខាន់ ក្នុងការកសាងចំណេះដឹងទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការពង្រឹងមនសិកាស្នេហាជាតិ និងសីលធម៌សង្គមប្រកបដោយសីលធម៌។

ចំណែកឯលោក ហង់ ជួនណារ៉ុន បានថ្លែងថា ខ្លឹមសាររដ្ឋធម្មនុញ្ញទាំង ៤០មាត្រា នឹងត្រូវបញ្ចូលទៅក្នុងមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជា។ លោកក៏បានថ្លែងនូវការកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងគាំទ្រចំពោះការបញ្ចូលបទបញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដែលជាខ្លឹមសារដ៏មានតម្លៃ និងមានសារៈសំខាន់ជាទីបំផុត ដែលត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សឈ្វេងយល់ តាមរយៈការបញ្ចូលខ្លឹមសារទាំងនោះ ក្នុងមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជា និងការងារមួយចំនួនក្នុងសៀវភៅទាំងពួង។

សូមជម្រាបថា MoU បានកើតឡើងក្រោយក្រុមប្រឹក្សាធម្មនុញ្ញ ជួបជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីពិភាក្សាលម្អិតលើនីតិវិធីមួយចំនួន ក្នុងការដាក់បញ្ចូលខ្លឹមសារសំខាន់ៗរបស់រដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីអប់រំ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។ ក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំខ្លឹមសារគោល និងខ្លឹមសារមេរៀន ដែលពាក់ព័ន្ធនឹងបទបញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញ ដែលត្រូវដាក់ក្នុងកម្មវិធីសិក្សាទាំងបីកម្រិត រីឯក្រសួងអប់រំជាអ្នករៀបរៀង និងបោះពុម្ភផ្សាយខ្លឹមសារគោល និងខ្លឹមសារមេរៀនដែលពាក់ព័ន្ធ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មិនទាន់បញ្ជាក់បានទេថា ខ្លឹមសារដ្ឋធម្មនុញ្ញនឹងត្រូវដាក់បង្រៀន ចាប់ពីកម្រិតបឋមដល់វិទ្យាល័យ នៅឆ្នាំណានោះទេ ខណៈត្រៀមបណ្តុះបណ្តាលគ្រូឧទ្ទេស និងគ្រូតាមសាលារៀន ដោយយោងលើទិដ្ឋភាពពាក់ព័ន្ធជាក់ស្តែងជាមុនសិន៕