(អ៉ីរ៉ាក់)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៉ីរ៉ាក់ លោក Mohammed Ghabban នៅថ្ងៃអង្គារនេះ បានប្រកាស លាលែងពីតំណែង បន្ទាប់ពីមានករណីវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត​នៅផ្សារ​មួយកន្លែងក្នុងទីក្រុង​បាដាដ បណ្ដាលឲ្យមនុស្សស្លាប់ជាង ២០០នាក់ និងរបួសរាប់រយនាក់ ដែលជាទង្វើរបស់ក្រុម ISIS។ នេះបើយោងតាមការចេញផ្សាយ​របស់​សារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែកក្កដា។

លោក Ghabban បានបញ្ជាក់ថា លោកបានដាក់ពាក្យស្នើសុំពាក្យតួនាទី ទៅកាន់ការិយាល័យលោក​នាយករដ្ឋមន្ត្រី Haider al-Abadi រួចរាល់ហើយ ដោយរងចាំតែការសម្រេ​ជាចុងក្រោយរបស់លោក​នាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ នេះជាភាពទទួលខុសត្រូវមួយដែលមន្ត្រីគ្រប់រូបគួរតែយកគំរូតាម។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី០៣ ខែកក្កដាកន្លងទៅនេះ មានករណីបំផ្ទុះ​គ្រាប់បែកអត្តឃាត​នៅផ្សារមួយ​ដែល​មានចរាចរណ៍ដ៏មមាញឹក ស្រពពេលក្រុមគ្រួសារម៉ូស្លីមជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាដើរកម្សាន្ត និងទិញ​ទំនិញនៅផ្សារ ខណៈដែល​បុណ្យរ៉ាម៉ាដាន់ នឹងត្រូវបញ្ចប់នោះ ដោយបានសម្លាប់មនុស្ស ២១៥នាក់ និង​របួស​ជាច្រើននាក់៕