(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំក្នុងផលិតកម្ម ថោន មានប្រជាប្រិយភាពល្បីគួរសមក្នុងវិស័យសិល្បៈ កញ្ញា រតនៈ ពិសី បានដាច់ចិត្តទម្លាយរឿងរ៉ាវ ចាត់វិធានការតាមផ្លូវច្បាប់ ដល់កូនបំណុលរបស់ខ្លួនទាំងអស់ជាសាធារណៈ ដែលជំពាក់ប្រាក់រាប់ម៉ឺនដុល្លារ ហើយគេចវេសមិនព្រមសង មិនព្រមចូលខ្លួនទទួលខុសត្រូវ បន្ទាប់ពីរឿងរ៉ាវនេះបានលាក់ទុកអស់រយៈជាច្រើនឆ្នាំ ដោយហេតុផលមកពីការយោគយល់គ្នា ផ្ដល់ឱកាសឲ្យគ្នា ប៉ុន្តែមិនអាចសម្របសម្រួលគ្នាដោយសន្តិវិធីបាន រហូតដល់អូសបន្លាយពេលវេលារហូតដល់ពេលនេះ។

តារាចម្រៀងសិចស៊ី ចូលចិត្តបញ្ចេញដើមទ្រូងមូលក្បំកញ្ញា រតនៈ ពិសី បានថ្លែងប្រាប់ Fresh News Plus ក្នុងឱកាសខួបកំណើតរបស់នាង នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះឲ្យដឹងថា តាមការពិតទៅអ្នករកស៊ីជាមួយនាង គឺនាងមានការយោគយល់ច្រើន អត់ធ្មត់ច្រើន ប៉ុន្តែពេលយើងយោគយល់ច្រើន ពួកគេបែរជាចង់គេចវេសមិនព្រមសងប្រាក់តាមកិច្ចសន្យា ដោយបានរកលេសមិនចេះចប់មិនចេះហើយ ព្រមទាំងមិនចូលខ្លួនមកនិយាយគ្នា ឬបង្ហាញពីការទទួលខុសត្រូវ ដូចអ្វីដែលបាននិយាយគ្នាកន្លងមកឡើយ។ កត្តាទាំងនេះ បានធ្វើឲ្យជំនួញរកស៊ីរបស់នាងត្រូវកកស្ទះ ធ្វើអ្វីក៏មិនចេញ ព្រោះតែអ្នកដែលនាងទុកចិត្តឲ្យលុយខ្ចីទាំងអស់នោះ គេចវេសមិនព្រមសង មិនព្រមបង្វិលទុនឲ្យនាងវិញ។

តារាចម្រៀងបែបយុវវ័យ រតនៈ ពិសី និយាយថា «ធម្មតាទេបង..! អ្នករកស៊ីដូចខ្ញុំ ត្រូវការលុយបង្វិលចុះឡើងៗ លើកដាក់ៗព្រោះយើងមានជំនួញច្រើន ហើយតាមការពិតទៅ ខ្ញុំក៏មិនចង់ឲ្យខ្ចីដែរ ប៉ុន្តែម្នាក់ៗមកអង្វរខ្ញុំច្រើនដងពេក ឲ្យខ្ញុំជួយ ហើយសុទ្ធតែអ្នករាប់អានស្គាល់ចិត្តថ្លើមគ្នា មានទាំងអ្នកសិល្បៈល្បីឈ្មោះផង! ប៉ុន្តែពេលនេះពួកគេបែរជាក្បត់ទំនុកចិត្តមកលើខ្ញុំ ធ្វើឲ្យខ្ញុំនឹកស្មានមិនដល់ថា ពួកគេហ៊ានធ្វើយ៉ាងនេះ។ ពេលនេះខ្ញុំក៏អស់ការទ្រាំដែរបង..! ខ្ញុំបានពិភាក្សាជាមួយនឹងមេធាវីរបស់ខ្ញុំរួចហើយ ដើម្បីចាត់ចែងតាមផ្លូវច្បាប់ គឺប្ដឹងពីបទក្បត់សេចក្ដីទុកចិត្ត..!»

ជាមួយនឹងការទម្លាយលើវិធានការតាមផ្លូវច្បាប់ ទៅលើកូនបំណុលរបស់ខ្លួននៅពេលនេះ តារាចម្រៀង រតនៈ ពិសី ក៏នៅតែបង្ហាញចេតនា ផ្ដល់ឱកាសចុងក្រោយដល់កូនបំណុលរូបណា ដែលរួសរាន់ចូលខ្លួនមកដោះស្រាយ ក្រៅប្រព័ន្ធតុលាការជាមួយនាងឲ្យបានឆាប់បំផុត ដើម្បីបង្ហាញពីទំនួលខុសត្រូវលើអ្វីដែលបានសន្យា គឺនាងនឹងអាចចរចាគ្នា ក្នុងកម្រិតណាមួយ ឬក្នុងលក្ខខណ្ឌពិសេសណាមួយបាន ដោយការយោគយល់គ្នាខ្ពស់ និងទុកមុខរាប់អានគ្នាទៅថ្ងៃក្រោយបន្តទៀត។

បើតាមការបង្ហើបឲ្យដឹងរបស់តារាចម្រៀងវ័យក្មេង រតនៈ ពិសី បានទម្លាយថា ចំនួនកូនបំណុលដែលមានចេតនាគេចវេស មិនព្រមសងប្រាក់ទាំងការទាំងដើម មកឲ្យនាងវិញនោះ គឺមានចំនួនប្រមាណ ១០នាក់ ក្នុងនោះក៏មានតារាៗល្បីឈ្មោះមួយចំនួនផងដែរ ហើយបើសរុបជាទឹកប្រាក់ទាំងអស់ គឺប្រហែលជាខ្ទង់៣៨ ទៅ៤០ម៉ឺនដុល្លារ។ រតនៈ ពិសី ក៏បានបង្ហើបឲ្យដឹងដែរថា ចំពោះអ្នកដែលមានចេតនា ចង់មកទូទាត់ជាមួយគ្នា ទោះក្នុងលក្ខខណ្ឌបង់ជាដំណាក់កាល ឬរំលស់ជាប្រចាំខែក៏ដោយ ក៏នាងអាចនឹងពិចារណាលើកលែងឲ្យ និងយោគយល់ទៅតាមលទ្ធភាព ឬស្ថានភាពជាក់ស្ដែង។

តារាចម្រៀងដែលមានជំនួញច្រើនក្នុងដៃរូបនេះ បានបន្ថែមទៀតថា កន្លងមកនាងក៏ធ្លាប់បានផ្តល់ព័ត៌មានឲ្យបុគ្គលទាំងនោះ ឲ្យចូលខ្លួនដោះស្រាយក្រៅផ្លូវច្បាប់ជាច្រើនលើកផងដែរ តែពួកគេហាក់គ្មានចេតនាចូលខ្លួនមកដោះស្រាយគ្នាឡើយ។ បញ្ហាទាំងនេះហើយ ប្រៀបបានយកសាំងជះលើភ្លើងបន្ថែម ធ្វើឲ្យនាងជាម្ចាស់បំណុលកាន់តែមិនអាចលើកលែង និងអស់ការអត់ទ្រាំ ក៏សម្រេចដាក់ពាក្យបណ្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលើបុគ្គលល្បី៣រូបហើយ ដោយក្នុងនោះក៏មានមេតុងទីនល្បីឈ្មោះកប់ពពកម្នាក់ ដែលកំពុងត្រូវបានតុលាការឃុំខ្លួនផងដែរ។

ពិសី បន្ថែមថា ព្រោះតែរឿងលុយកាក់នេះ នាងត្រូវខាតបង់ផ្ទះ និងលក់រថយន្ត ដើម្បីយកលុយសងទៅកូនៗតុងទីន ជំនួសអ្នកដែលជំពាក់នាង តែពួកគេមិនយល់ចិត្តនាងនោះទេ គេមិនស្រឡាញ់កេរ្តិ៍ឈ្មោះដូចនាង ដែលសុខចិត្តលក់ទ្រព្យយកលុយមកដោះស្រាយ ដើម្បីបញ្ជៀសបញ្ហាអាស្រូវមកលើខ្លួន។ ដូច្នេះបើគេមិនគិតពីចំណុចនេះទៅហើយ រូបនាងមានតែធ្វើតាមច្បាប់ប៉ុណ្ណោះ៕