(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារចំរុះរបស់រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារ បានចុះដលើកទីទីតាំងដីជាក់ស្តែង ដើម្បីពិនិត្យផ្ទៀងផ្ទាត់ការកាន់កាប់ដីជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារកាណាឌីយ៉ា ស្ថិតនៅចំណុចអូត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការចុះពិនិត្យនេះបានធ្វើឡើងក្រោយប្រជាពលរដ្ឋចំនួន១៦៧គ្រួសារ បានដាក់ពាក្យ និងយល់ព្រមទទួលយកគោលការណ៍ដោះស្រាយនូវដីឡូត៍ទំហំ ៥ គុណ ២០ម៉ែត្រ ពីធនាគារ កាណាឌីយ៉ា ក្រោមការសម្របសម្រួលពី រដ្ឋបាលខេត្តព្រះសីហនុ។

ការចុះពិនិត្យរបស់រដ្ឋបាលខេត្តឃើញថា បងប្អូនប្រមាណ៩០ភាគរយ បានសារទរចំពោះការដោះស្រាយសម្របសម្រួល ក្រោមគំនិតផ្តួចផ្តើមរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីបញ្ចប់ទំនាស់ដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញប្រកាសព័ត៌មានដោយបានរៀបរាប់ថា ទីតាំងដីស្ថិតនៅក្នុងភូមិសាស្ត្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមកបានចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លី និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៩ ហើយម្ចាស់ដីដែលមានប័ណ្ណ សម្គាល់សិទ្ធិនីមួយៗ បានធ្វើការកាន់កាប់ និងគ្រប់គ្រងដីជាបន្តបន្ទាប់រហូតមក។ លុះដល់ឆ្នាំ២០០៦ រាជរដ្ឋាភិបាលបានកំណត់យកផែនទីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើជាគោល ក្នុងនោះផ្ទៃដីមួយផ្នែកក្នុងខេត្តព្រះសីហនុ ក៏ស្ថិតនៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ផងដែរ។

ដោយឡែកចំពោះករណីប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ឋិស្រប់របស់ធនាគារកាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវត្តិដើមជាដីរបស់ឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី មានប័ណ្ណកម្មសិទ្ធិចំនួន ០៣ប័ណ្ណរួមមាន៖ លេខ CI-0532, C−0533, CH-0534 ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៤។

ប៉ុន្តែនៅអំឡុងឆ្នាំ២០១៩ មានក្រុមមេខ្យល់បានបំផុសបំផុលប្រជាពលរដ្ឋ ឲ្យចូលទន្ទ្រានកាន់កាប់លើទីតាំងដីខាងលើ ដោយសំអាងថា ទីតាំងដីខាងលើនេះជាដីរបស់រដ្ឋ។ ការទន្ទ្រានយកដីនេះបានបង្កើតជារូបភាពលក់ទិញ និងផ្ទេរសិទ្ធិពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ដោយឯកសារពុំមានលក្ខណៈគតិយុត្ត ហើយក្រុមអនាធិបតេយ្យទាំងនោះបានប្រើប្រាស់ឯកសារ ដែលបានបង្កើតឡើងនេះ ទៅដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរ ពាក់ព័ន្ធ និងស្ថាប័នថ្នាក់ជាតិ ដើម្បីស្នើសុំកាត់ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាសម្រេចបង្គាប់ឲ្យប្រគល់អចលនវត្ថុលេខ ២១ត.រ/២០ បង្គាប់ឱ្យឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី ប្រគល់អចលនវត្ថុចំនួន៣ប័ណ្ណខាងលើ ឲ្យទៅធនាគារកាណាឌីយ៉ា។ ក្រោយទទួលបានសិទ្ធិតាមដីកាសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ធនាគារកាណាឌីយ៉ា បានស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំកាត់ឆ្កៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិ។

ក្រោយមកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៨០អនក្រ.បក សម្រេចកាត់ឆ្កៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងប្រគល់ជូនធនាគារកាណាឌីយ៉ា គ្រប់គ្រងជាកម្មសិទ្ធិ។ បន្ទាប់ពីទទួលបានអនុក្រឹត្យពីរាជរដ្ឋាភិបាល ធនាគារកាណាឌីយ៉ា បានស្នើសុំចុះបញ្ជីដីតាមនីតិវិធី ហើយបានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ០២ប័ណ្ណ លេខ ១៨០២០៣០១-០០២៩ និង១៨០២០៣០១-០០៣០ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ក្រោយទទួលបានកម្មសិទ្ធិស្របច្បាប់ ធនាគារកាណាឌីយ៉ា រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំធ្វើការសម្របសម្រួលដើម្បីដោះស្រាយគោលនយោបាលផ្ដល់ដីឡូត៍ជូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ និងអាស័យផលជាក់ស្ដែងលើទីតាំងដី៕