(ភ្នំពេញ)៖ សហគ្រិនវ័យក្មេងឆ្នើមទាំង១២រូប​ ត្រូវបានរកឃើញហើយ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ  ដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ និងជាម្ចាស់គ្រប់ គ្រងក្រុមហ៊ុន និងអាជីវកម្ម​ដ៏ល្បីនៅកម្ពុជា ដែលត្រូវឡើងទៅដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅចុងខែកក្កដាខាងមុខនេះ ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្ដរជាតិ  កម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ។

សហគ្រិនភាពវ័យក្មេងឆ្នើមមួយរូបក្នុងចំណោម១២រូប បានលើកឡើងថា «រូបខ្ញុំពិតជាសប្បាយនិងរំភើបចិត្ដយ៉ាងខ្លាំង រកតែពាក្យអ្វីផ្ទឹមពុំបានឡើយ ដែលធ្វើឲ្យខ្ញុំនឹក ស្មានមិនដល់សោះថា ខ្ញុំអាចមានវត្ដមានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្ដទៅវគ្គផ្ដាច់ព្រ័ត្រ នៅចុងខែកក្កដានេះ ព្រោះឆ្លងពីមួយវគ្គទៅមួយវគ្គ ពិតជាពិបាក ណាស់ ដែលចំាបាច់បំផុត ត្រូវមានទាំងចំណេះដឹង សមត្ថភាពពិតប្រាកដ ដែលអបជាមួយនឹងបទពិសោធគ្រប់គ្រង ​អាជីវកម្មមួយដែលស្របច្បាប់ យ៉ាងតិចណាស់ ពីរឆ្នាំ ពិសេសក្នុងនោះក៏មានការធ្វើបទបង្ហាញ ដោយប្រើភាពវ័យឆ្លាតផងដែរ ដើម្បីឆ្លងផុតពីវគ្គនីមួយៗ»

ទន្ទឹមនឹងនោះលោកស្រី ប៉ោ ជូ ប្រធានគម្រោង និងជាប្រធានទទួលបន្ទុក ផ្នែកពាណិជ្ជកម្ម របស់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាមេគង្គ ឆ្នាំ២០១៦  បានថ្លែងក្នុងពិធីប្រកាសសហគ្រិនវ័យក្មេងឆ្នើមទាំង១២ រូប នៅ សណ្ឋាគារភ្នំពេញថា ពិតណាស់សហគ្រិនម្នាក់ៗ ទម្រាំមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រក្នុងពេលខាងមុខនេះ ពិតជាពិបាកណាស់  ព្រោះថា ដំណាក់នីមួយៗ ត្រូវជ្រើសរើសយ៉ាងពិសេសតែម្ដង លុះត្រាតែ​សមស្របទៅតាមលក្ខខណ្ឌទាំងប្រាំចំណុច គឺអាយុ​ចាប់ពី១៨ ដល់៤៥​ឆ្នាំ ដែលជាម្ចាស់​អាជីវកម្មមួយ ដែល​ត្រូវបាន​បង្កើត​ដំបូង​នៅ​កម្ពុជា និងមាន​ភាគហ៊ុន​យ៉ាងតិច​៥១​ភាគរយគ្រប់គ្រង​ដោយ​ជនជាតិខ្មែរ , ​អាជីវកម្ម​ត្រូវ​ចុះបញ្ជី​ការត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ និងមាន​ដំណើរការ​យ៉ាងតិច​២​ឆ្នាំ, ​អាជីវកម្ម​ត្រូវមាន​បុគ្គលិក​អចិន្ត្រៃយ៍​យ៉ាងតិច​៥​នាក់, ​​សហគ្រិន​/​អាជីវកម្ម​មិនត្រូវ​បាន​ពាក់ព័ន្ធ​ជាមួយ​គណៈកម្មការ​ជ្រើសរើស និងក្រុម​អ្នករៀបចំ​កម្មវិធី, មិនត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​ ក្នុងនោះ​ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ឱ្យចូល​រួម ​ក្នុងការ​ដាក់ពាក្យផងដែរ និងដំណាក់ផ្សេងជាច្រើនទៀត។

លោកស្រីបន្ដថា «សម្រាប់ដំណាក់កាលទៅវគ្គផ្ដាច់ព្រ័ត្រ គឺ​សហគ្រិនវ័យក្មេងឆ្នើមទាំង១២រូប​ ត្រូវធ្វើបទបង្ហាញដោយប្រើភាពវ័យឆ្លាត ក្នុងរយៈពេលដ៏ខ្លី ដល់គណៈ កម្មការ រួមទាំងដំណាក់កាលជាច្រើន​​ផ្សេងទៀត ដើម្បីបង្ហាញពីសមត្ថភាព គ្រប់បែបយ៉ាងស្ទាត់ជំនាញ និងប៉ិនប្រសព្វរបស់បុគ្គលនីមួយៗ នូវចំណុចខ្លាំងរបស់ខ្លួន ដោយភាពសុក្រិតយុត្ដិធម៌ យ៉ាងពិតប្រាក ហើយយើងនឹងមានការបោះឆ្នោត ដែលយើងឲ្យពិន្ទុ៥% ទៅលើការបោះឆ្នោត តាមប្រព័ន្ធសង្គមហេ្វសប៊ុក (Facebook) របស់យើង គឺ Cambodain Yong Entrepreneur Awards អីចឹងសហគ្រិនទាំងអស់ត្រូវតែខិតខំប្រឹងប្រែង ធ្វើយ៉ាងម៉េច​ឲ្យមានការពេញចិត្ដ (Like) ពីបងប្អូននៅក្នុង Facebook ហើយ១៥% ទៅលើការធ្វើបទបង្ហាញរបស់ពួកគាត់ ហើយនឹងយើងជ្រើសយកតែ៤រូបប៉ុណ្ណោះ  ដែលពានរង្វាន់៤ រួមមានពានរង្វាន់សហគ្រិនឆ្នើមប្រចំាំ​​ឆ្នាំ២០១៦ ពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម ពានរង្វាន់សហគ្រិនឆ្នើមស្ដ្រី និងពានរង្វាន់សហគ្រិនវ័យឆ្លាតផ្នែកបច្ចេកវិទ្យា»

លោកស្រីបន្ថែមទៀតថា សហគ្រិនដែលជាប់ នៅក្នុងវគ្គជម្រុះទាំង១២រូបនេះ នឹងមានឱកាសបានផ្សព្វផ្សាយអំពី មុខរបរ ភាពជោគជ័យ នៅលើអាជីវកម្មរបស់ខ្លួន ទៅ​កាន់បណ្ដាសហគ្រិន និង សាធារណៈជនទូទៅ តាមរយៈវេទិកាថ្នាក់ជាតិនានា និងនៅតាមបណ្ដាញសង្គមផងដែរ មិនត្រឹមតែប៉ុណ្ណោះសហគ្រិននឹង​អាចបង្កើននូវទំនុក​ចិត្ដ ក្នុងនាមជាម្ចាស់អាជីវកម្ម វ័យក្មេងមួយរូបក្នុងកិច្ចខិត​ខំប្រឹងប្រែងលើកស្ទួយវិស័យសេដ្ឋកិច្ចនៅកម្ពុជា។

គួរបញ្ជាក់ថា នេះ​គឺជា​លើក​ទី​២​ហើយ នៃ​ការប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ ហើយកម្ម​វ​ធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទទួលស្គាល់ និង​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រិន​វ័យក្មេង​កម្ពុជា ឱ្យមាន​ឱកាស​ចូលរួម បង្ហាញ​សមត្ថភាព ចែករំលែក​នូវ​ជោគជ័យ​ជា​លក្ខណៈ​ថ្នាក់ជាតិ​។ មិនតែប៉ុណ្ណោះ ការប្រកួតប្រជែង​នេះ ក៏​លើក​កម្ពស់​ឱ្យ​សហគ្រិន​កម្ពុជា ​ត្រៀមខ្លួន​ក្នុងការ​ដណ្តើម​យកពាន​រង្វាន់​ផ្សេងទៀត​លើ​ឆាក​អន្តរជាតិ​ផងដែរ​។ លើសពីនេះទៅទៀត សហគ្រិន​នឹង​ទទួលបាន​ឧត្តមភាព ​នៅក្នុង​ការស្វែងរក​ដៃគូ​អាជីវកម្ម ឬ អ្នកវិនិយោគ ទាំង​ក្នុង​និង​ក្រៅប្រទេស  ដែលជា​ផ្នែក​មួយ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

សហគ្រិនភាពវ័យក្មេងឆ្នើមទាំង១២រូប រួមមានដូចខាងក្រោម៖