(បន្ទាយមានជ័យ​)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ក្រោមការដឹកនាំរបស់លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការ បានចាប់ជនជាតិថៃ​៤នាក់ ករណីរំលោភ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ និងបានបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃនេះ ដើម្បីចាត់ការតាមនីតិច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ដោយយោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ​អាយុ១៧ឆ្នាំ ជាជនជាតិ​ថៃ​ ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ​បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះថា ជនសង្ស័យ​ទាំង៤នាក់​រួមមាន៖

*ទី១៖ ឈ្មោះ ភីឡាផុន ឃុនដែងឌី (ម៉ៃ) អាយុ២១ឆ្នាំ
*ទី២៖ ឈ្មោះ ផានុផុង អ៉ីណក (អាម) អាយុ២១ឆ្នាំ
*ទី៣៖ ឈ្មោះ វ័រឡាវុធ កិណតាន់ (អូដ) អាយុ២០ឆ្នាំ
*ទី៤៖ ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត (អើត) អាយុ២១ឆ្នាំ។ ជនសង្ស័យ​ទាំង៤នាក់​ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានបន្តថា​ ក្រោយទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ​, កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចបន្ទប់ស្នាក់ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។

ក្រោយឃាត់ខ្លួន និងសួរ​នាំរួច ជនសង្ស័យទាំង៤នាក់​ បានឆ្លើយថា​ ពួកគេពិតបាន​រំលោភនារីរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព​ ជនសង្ស័យ​ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​កសាងសំណុំរឿង​បញ្ចូនមកកាន់កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស ​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យជំនាញ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៦​ ខែមីនា​​ ឆ្នាំ​២០២៣​នេះ៕