(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំអំណោយជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ និងបូរណភាពទឹកដី ក្នុងភូមិសាស្ត្រយោធភូមិភាគទី៣ និងបណ្ដាអង្គភាពចំណុះ ដើម្បីរៀបចំអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានការអមដំណើរដោយនាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទជាច្រើនរូប នៅទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ បន្ទាប់ពីបានតាមដានស្ដាប់នូវសេចក្តីរាយការណ៍ ស្ដីពីស្ថានការណ៍សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៅតាមតំបន់ព្រំដែន និងតំបន់ផ្ទៃក្នុងភូមិសាស្ត្រដែលយោធភូមិភាគទទួលខុសត្រូវ និងវឌ្ឍនភាពនៃការរីកចម្រើនលើគ្រប់វិស័យ ក្នុងភូមិសាស្ត្រទឹកដីរបស់យោធភូមិភាគ ក្នុងដំណាក់កាលចុងក្រោយនេះរួចមក, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផល និងវឌ្ឍនភាពនៃការរីកចម្រើនជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្ដាលកងឯកភាពនៅទូទាំងយោធភូមិភាគទី៣ សម្រេចបាននៅក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាពរបស់ខ្លួនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា ការរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន គឺដោយសារកម្ពុជា មានសុខសន្តិភាព​ ដែលបានផ្តល់ឱកាសឱ្យយើងធ្វើការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រជាជន​បានរួម​រស់ប្រកបដោយ​ភាពសុខដុមរមនា​ ក្នុង​សង្គមជាតិ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរម្លឹកឱ្យកងទ័ពទាំងអស់យល់បានទូលំទូលាយពីតម្លៃសន្តិភាព ដែលយើងរកបានមកដោយលំបាក ហើយទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នា ត្រូវការពារឱ្យបានូវសន្តិភាព។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា «​ពេលយើងនិយាយពីសន្តិភាព យើងត្រូវដឹងថា សន្តិភាព បានមកពីណា? បានមកពីនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញជូនជាតិ និងប្រជាជន»​

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពល​ទាហាន គ្រប់រូប ត្រូវយល់ដឹងឱ្យបានជ្រាលជ្រៅទូលំទូលាយអំពីស្មារតី​នៃនយោបាយឈ្នះ-ឈ្នះ និង​ខិតខំលើកកម្ពស់​មនសិកា​ស្នេហា​ជាតិ ចូលរួម​ថែរក្សា​ការពារសន្តិភាពឱ្យបាន​គង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ ហើយត្រូវរួបរួមសាមគ្គីគ្នា ជាធ្លុងមួយ រាំងស្កាត់កុំឱ្យប្រវត្តិសាស្ត្រដ៏​ឈឺ​ចាប់ពី​អតីតកាល កើតមានសារជាថ្មីនៅលើ​ទឹកដីនៃមាតុភូមិ​របស់យើងជាលើកទី២។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានប្រគល់ជូនថវិការបស់ក្រសួងការពារជាតិដល់បណ្ដាអង្គភាពកងកម្លាំងប្រដាប់អាវុធចំណុះឱ្យយោធភូមិភាគទី៣ ដែលរួមមាន៖ អង្គភាពទីបញ្ជាការយោធភូមិភាគទី៣, ទីបញ្ជាការជួរមុខយកទៅភូមិភាគទី៣, កងពលតូចលេខ៣១, តំបន់ប្រតិបត្តិការសឹករងខេត្តកំពត, ទីបញ្ជាការកងវរសេនាតូចលេខ២, ផ្នែកសិករង និងកងរាជអាវុធហត្ថស្រុកកំពង់ត្រាច, បន្ទាយមាស, ទឹកឈូ និងក្រុងកំពត, នគរបាលការពារព្រំដែនគោក និងព្រំដែនទឹក, តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ, ទីបញ្ជាការកងវរសនាតូចលេខ១, កងរាជអាវុធហត្ថស្រុកគិរីវង្ស នគរបាលការពារព្រំដែនលេខ៦០៣, តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ទីបញ្ជាការជួរមុខខេត្តកោះកុង, កងវរសនាតូខលេខ៣, ផ្នែកសឹកស្រុកមណ្ឌលសីមា, កងរាជវុធហត្ថ ខេត្តកោះកុង និងក្រុមសាងសង់វិមានឈ្នះឈ្នះកោះកុង នៅថវិកាសម្រាប់ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរសរុបចំនួន ៧១លានរៀលផងដែរ៕