(ស្វាយរៀង)៖ យុវជន៣នាក់ ជិះម៉ូតូទាក់ខ្សែភ្លើងដែលធ្លាក់តាមផ្លូវបណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបង្កោលភ្លើង P៧៥ និងF២៦៦M ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះទាំង៣នាក់ ឈ្មោះ ម៉ោក ឆុនខេមរៈ អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ ម៉ាក Honda Scoopy ពណ៌ក្រហម ពាក់ផ្លាកលេខស្វាយរៀង1T-9549, ទី២៖ ឈ្មោះ ឌិន សូនាថ អាយុ១៦ឆ្នាំ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក Honda Scoopy ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ី ផាន់ អាយុ១៧ឆ្នាំ។

ប្រភពព័ត៌មាន បានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីពិសាអាហារក្នុងពិធីមង្គលការមួយកន្លែង ក្នុងភូមិឃុំខាងលើ ស្រាប់តែមកដល់ចំណុចកើតហេតុក៏ទាក់ខ្សែភ្លើងបណ្តាលឲ្យដួលម៉ូតូ ទាំងពីរគ្រឿងតែម្តង។ ភ្លាមៗសមត្ថកិច្ចបានចុះមកអន្តរាគមន៍ និងនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។

ករណីនេះ ត្រូវបានសមត្ថកិច្ចអះអាងថា មិនមែនជាការរាយខ្សែទាក់ជនរងគ្រោះ ដើម្បីប្រព្រឹត្តបទល្មើសអ្វីនោះទេ ពោលខ្សែភ្លើងដែលទាក់ជនរងគ្រោះបណ្ដាលឲ្យដួលម៉ូតូនោះ គឺធ្លាក់រាយប៉ាយក្បែរបង្គោលភ្លើង៕