(ភ្នំពេញ)៖ លោក ញឹម ពិសាល ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ គឹម សំភោគ អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត និង​ពិន័យ​ប្រាក់​ចំនួន៦០លាន​រៀល សម្រាប់បង់ចូលថវិការដ្ឋ ពាក់ព័ន្ធការដឹកជញ្ជូន រក្សារទុក និងជួញដូរគ្រឿងញៀនជិត២៤គីឡូក្រាម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១។

មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ការប្រកាសសាលក្រមនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមីនាម្សិលមិញ។

ជនត្រូវចោទឈ្មោះ គឹម សំភោគ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​កាន់កាប់​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា៤០ និង​មាត្រា២០ នៃ​ច្បាប់ ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ។

ឧក្រិដ្ឋជនរូបនេះដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០២១។ ពេលនោះសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងមួយចំនួនមាន៖ គ្រឿងញៀនប្រភេទ​មេ​តំ​ហ្វេតាមីន (ICE) ចំនួន២៤កញ្ចប់​ធំ ទម្ងន់​ប្រមាណ​ជាង ២៤គីឡូក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់​ប្រមាណ៤គីឡូក្រាម, រថយន្ត ៤គ្រឿង​, ទូរស័ព្ទ ៦ គ្រឿង, អាវុធ​ខ្លី​ម៉ាក​រ៉ូឡូ ១ដើម សំបក​គ្រាប់ ៣គ្រាប់ និងគ្រាប់​មិនទាន់​បាញ់ ៣គ្រាប់៕