(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នឹងអនុវត្តលើគម្រោងធំៗចំនួន៣ទៀត ក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៧ខាងមុខនេះ ក្នុងនោះមានគម្រោងលើវិស័យអប់រំ គ្រោះមហន្តរាយ និងជីវភាពរបស់ប្រជាជនកម្ពុជា។

នេះបើតាមការលើកឡើងរបស់ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក ក្នុងពេលចូលជួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបខាងលើថា លោកស្រី Victoria Kwakwa បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថាបច្ចុប្បន្ន ធនាគារពិភពលោក បានអនុវត្តគម្រោង៤នៅកម្ពុជា ហើយថា ធនាគារពិភពលោក នឹងបន្តគម្រោង៣ទៀត នៅឆ្នាំ២០១៧ ដែលពាក់ព័ន្ធនឹងវិស័យគ្រោះមហន្តរាយ និងជីវភាពរស់នៅរបស់ប្រជាជន។

លោកថា សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះធនាគារពិភពលោក ដែលបានបង្កើតគម្រោងដែលកំពុងអនុវត្តនៅឆ្នាំ២០១៦នេះ ហើយក៏អរគុណចំពោះគម្រោងបន្តនៅឆ្នាំ២០១៧ផងដែរ៕