(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអះអាងនៅចំពោះមុខលោកស្រី ម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova ) ឯកអគ្គរដ្ឋទូតប៊ុលហា្គរី ប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិនៅកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មបានត្រៀមខ្លួនរួច ជាស្រេចក្នុងការសហការជាមួយភាគីប៊ុលហ្គារី ដើម្បីផ្តល់សុខុមាលភាពសង្គម និងសេដ្ឋកិច្ចជូនប្រជាជននៃភាគីទាំងពីរ។

ការអះអាងនេះធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសលោករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីនេឡា ផេតកូវ៉ា ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជម្រាបលា។

លោករដ្ឋមន្រ្តីបានស្វាគមន៍ លោកស្រីកអគ្គរដ្ឋទូត យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប៊ុលហ្គារី ក្នុងការរក្សានិងលើកកម្ពស់តម្លៃនៃទំនាក់ទំនងប្រពៃណីដ៏ល្អនេះ និងផ្តល់កិច្ចសហប្រតិបត្តការយ៉ាងជិតស្និទ្ធ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបានបំពេញភារកិច្ច និងតួនាទីយ៉ាងសំខាន់ប្រកបដោយសមិទ្ធផលជាផ្លែផ្កា ក្នុងអំឡុងអាណត្តិបេសកកម្មការទូត របស់លោកស្រី។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូន អំពីកិច្ចខិតខំប្រឹងប្រែង និងការបេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌពហុភាគី, តំបន់, អនុតំបន់ និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ជាកិច្ចឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រួមនឹងឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកស្រីបានបញ្ជាក់ពីក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី និងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងវិស័យកសិកម្ម រួមមានផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត។

ភាគីទាំងពីរ ក៏បានកត់សម្គាល់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៨.១ លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤.៥៤ លានដុល្លារអាមេរិក។

ទំនិញនាំចេញសក្តានុពលពីកម្ពុជា ទៅប៊ុលហ្គារី រួមមាន៖ សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម រីឯទំនិញនាំចូល សក្តានុពលពីប៊ុលហ្គារីមកវិញ រួមមាន៖ ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ។ល។ ស្របគ្នាដែរ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈក្នុងការពន្លឿននីតិវិធីបង្កើតគណៈកម្មការចម្រុះអន្តរ រដ្ឋាភិបាល ស្តីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយយោងតាមកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងវិទ្យាសាស្ត្រ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៩។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានរំលេច ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងអាស៊ាន និងសហភាពអឺរ៉ុប៕