(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរទិវាវប្បធម៍ជាតិ ០៣មីនា ២០២៣ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៍ជាតិ" ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅសាលប្រជុំកសាលាខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះមានការសម្តែងរបាំជូនពររបស់ប្អូនៗនៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និងការសម្តែងចាប៉ីដងវែងរបស់លោកតាព្រឹទ្ធចារ្យ០២រូប ដែលជាមរតកមនុស្សរស់ នៅក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាផ្តល់ថវិកា និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

លោក កួ ហុក ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ ឲ្យដឹងថា ខេត្តត្បូងឃ្មុំ ជាខេត្តថ្មីទើបតែបង្កើតឡើងក៏ពិតមែនតែជាទឹកដីចំណាស់ជាតំបន់បុរេប្រវត្តិ មួយក្នុងចំណោមតំបន់បុរេប្រវត្តិសាស្ត្រសំខាន់ៗ ទូទាំងព្រះរាជាណាចក្រកម្ពុជាជាក់ស្ដែងយើង មាន៖ ស្ថានីយបុរេប្រវត្តិចំនួន៣៣កន្លែង, ប្រាសាទបុរាណចំនួន០៩កន្លែង, ទួលបុរាណចំនួន៥១កន្លែង, ស្រះបុរាណចំនួន១១កន្លែង, ទន្លេស្ងួតចំនួន០១កន្លែង, អណ្តូងបុរាណចំនួន០១កន្លែង, រមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រចំនួន០២កន្លែង, សារមន្ទីរចំនួន០១កន្លែង, ប៉មចំនួន០៣កន្លែង និងសិល្បៈមហាជនគ្រប់ទម្រង់ចំនួន១៨៨ក្រុម។

មានប្រសាសន៍នាឳកាសនោះ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ជាការពិតណាស់ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ រៀបចំប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ជារៀងរាល់ឆ្នាំ ដើម្បីរំឮកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ ។

លោកស្រី អភិបាលរងខេត្ត បន្តថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនានេះ ក៏ជាការជម្រុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ បច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំឮក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចក្នុងការថែរក្សាការពារ ឱ្យបានស្ថិតស្ថេរគង់វង្ស នូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាចុងក្រោយ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត បានធ្វើការកោតសរសើរម្តងទៀតដល់រដ្ឋបាលខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរអង្គភាពពាក់ព័ន្ធនានាដែលបានសហការរៀបចំទិវាវប្បធម៌ជាតិ៣មីនា និងស្មារតីរួមគ្នាបង្កើតព្រឹត្តិការណ៍វប្បធម៌នេះឡើង ដើម្បីលើកស្ទួយវឌ្ឍនភាពវប្បធម៌ជាតិ ក្នុងដំណាក់កាលថ្មីស្របនឹងពាក្យស្លោក “កម្ពុជាព្រះរាជាណាចក្រវប្បធម៌” “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ” ជាពិសេសគឺបាននឹងកំពុងជួយរក្សាបាននូវការអភិរក្សនិងការលើកតម្កើងតម្លៃវប្បធម៌ជាតិខ្មែរឱ្យបានឋិតថេរគង់វង្ស៕