(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកបណ្ឌិត ឌៀប សីហា សាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយ បានឱ្យដឹងថា និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា​២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិត​ទទួល​សញ្ញា​បត្រ​ទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។

ដោយយោងតាមការស្ទង់មតិ លោកបណ្ឌិត ឌៀប សីហា បានឱ្យដឹងថា និស្សិតត្រូវទទួលសញ្ញាបត្រនេះ អ្នកមានការងារធ្វើ ស្មើនឹង ៩៥.៨៨ភាគរយ ក្នុងនោះ ការងារត្រូវជំនាញសិក្សា ស្មើ ៧៦.៣៦ភាគរយ, ការងារមិនត្រូវជំនាញសិក្សា ស្មើ ១២.៨៤ភាគរយ និងការងារជាអាជីវកម្មផ្ទាល់ខ្លួន ស្មើ ១០.៨១ភាគរយ។

សាកលវិទ្យាល័យបៀលប្រាយ គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ចំណាស់មួយនៅកម្ពុជា។ សាកលវិទ្យាល័យនេះ បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សតាំងពីឆ្នាំសិក្សា​២០០០-២០០១ មកម្ល៉េះ។

យោងតាមសាកលវិទ្យាធិការ បានឱ្យដឹងថា គិតចាប់ពីឆ្នាំសិក្សា២០០០-២០០១ ដល់ឆ្នាំ​សិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតគ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សា​ពីសាកលវិទ្យាល័យបៀលប្រាយ សរុប ចំនួន ៨៨,០៩៤នាក់ នារី ៣០,៩៧០នាក់។ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ និស្សិតកំពុងសិក្សាសរុបចំនួន ២៤,៤០០នាក់ នារី ១២,២០០នាក់ )។ បច្ចុប្បន្នសាកលវិទ្យាល័យ មានទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១ និងសាខាតាមខេត្ត ចំនួន ៨ផ្សេងទៀត រួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តរតនគីរី ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង និង ខេត្តត្បូងឃ្មុំ, និងមាន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ សរុបចំនួន ១,១៣១នាក់ នារី ២០០នាក់។

លោកបណ្ឌិត ឌៀប សីហា បានឱ្យដឹងថា ក្នុងរយៈពេលជាង ២២ឆ្នាំកន្លងមកនេះ សាកល​វិទ្យា​ល័យបៀលប្រាយ បាននិងកំពុងបន្តបំពេញបេសកកម្ម ក្នុងការពង្រីកវិសាលភាព​នៃសេវា​អប់រំឧត្តមសិក្សា ឱ្យបានទូលំទូលាយដល់អ្នកសិក្សាស្រាវជ្រាវគ្រប់កម្រិតទាំងអស់ ជាពិសេសនៅតាមសាខារាជធានីខេត្ត ដោយយកចិត្តទុកដាក់ជាអាទិភាព ទៅលើការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល សិក្សាស្រាវជ្រាវ ដើម្បីធានាថា និស្សិតដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិត ត្រូវតែមានចំណេះដឹង គុណភាព សមត្ថភាព ជំនាញ និង គំនិតច្នៃប្រឌិត ប្រកបដោយការត្រិះរិះពិចារណា និងមានភាពជាអ្នកដឹកនាំ ដែលអាចដោះស្រាយបាននូវបញ្ហាប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត ប្រកបដោយឥរិយាបថល្អប្រពៃ៕