(ឧត្តរមានជ័យ)៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តឧត្តមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្ត ប្រធានក្រុមទីប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

លោក ប៉ែន កុសល្យ បានថ្លែងថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ អាជ្ញាធរមូលដ្ឋានគ្រប់មូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅតែបន្តខិតខំប្រឹងប្រែងការពារដល់សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន ជាពិសេសនៅតែបន្តអនុវត្តនូវបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃក្នុងការធានាបាន និងរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អនៅក្នុងមូលដ្ឋាន។

អភិបាលខេត្ត បន្តថា ការអនុវត្ត និងការចុះបន្តអប់រំផ្សព្វផ្សាយអំពីវិធានការនានា រួមមាន៖ ច្បាប់ចរាចរណ៍ ការអប់រំអំពីផលវិបាក នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ ការអប់រំផ្សព្វផ្សាយអំពីគ្រឿងញៀន ជួយដល់ស្រទាប់យុវវ័យ បានបង្ហាញអំពីលទ្ធផលជាវិជ្ជមានដែលគួរឱ្យជាទីមោទនៈ និងបានស្ដែងចេញតាមរយៈដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណាត្តិទី៥ នៅខែមិថុនា និងជោគជ័យជាប្រវត្តិសាស្ត្រ ដែលកម្ពុជាបានធ្វើជា ម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

ឆ្លៀតក្នុងឱកាសនោះលោក គន់ គីម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងលោក លោកស្រី ក្នុងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវសម្រេចបាន សមិទ្ធផលនានាជាច្រើន គួរឱ្យកត់សម្គាល់។ ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ បានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន។

កិត្តិសង្គហបណ្ឌិត បានដាក់ចេញនូវទិសដៅចំបងៗដើម្បីដោះស្រាយបញ្ហាប្រឈមដែនៅសេសសល់ រួមមាន៖

*ចំពោះការបោះឆ្នោតសកលថ្នាក់ជាតិលើកទី៧នាពេលខាងមុខ ត្រូវពង្រឹងសន្តិភាព និងសណ្តាប់ ធ្នាប់សាធារណៈដើម្បី ធានានូវការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌។
*រក្សានូវសេ្ថរភាពនយោបាយ ការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ ការពាររដ្ឋាភិបាល និងទប់ស្កាត់នូវភារវកម្ម និងឧក្រិដកម្មឆ្លងដែន និងបទល្មើសក្នុងរូបភាព ថ្មីៗផ្សេងៗទៀតរួមទាំង បទល្មើសលាងលុយក្រខ្វក់ រួមទាំងអំពើជួយដូរមនុស្ស និងល្បែងភ្នាល់តាម អនឡាញ និងល្បែងស៊ីសងក្នុងមូលដ្ឋាន ព្រមទាំងការ អនុវត្តគោលនោយោបាយភូមិឃុំ-សង្កាត់មាន សុវត្ថិភាព។
*គណៈបញ្ជាការឯកភាពខេត្ត និងកងកម្លាំងនៅថ្នាក់ស្រុកនិងឃុំសង្កាត់ ត្រូវរៀបចំឱ្យមាន ផែនការ សកម្មភាពប្រចាំឆ្នាំដោយបង្កើនចំនួនប្រជាការពារតាមភូមិឱ្យបានសមស្របនឹងចំនួន ប្រជាពលរដ្ឋ តាមមូលដ្ឋានជាក់ស្តែងនិមួយៗ។
*បន្តទប់ស្កាត់ការលួចលាក់ ផលិត កែច្នៃ និង ជួយដូរ និងប្រើប្រាស់ និងចែកចាយគ្រឿង ញៀនគ្រប់ រូបភាព ឱ្យបានជាប់ជាប្រចាំ។
*រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មអំណាចនិងធនធានស្របតាមគោលនយោបាយវិមជ្ឈការនិង វិសហមជ្ឈការជូនថ្នាក់ក្រោមជាតិដូច្នេះការបែងចែកអំណាចឱ្យបានច្បាស់លាស់នៅថ្នាក់ក្រោម ជាតិដោយរៀបចំផែនការសកម្មភាពនិងថវិកាសម្រាប់រដ្ឋបាលក្រោមជាតិ អនុវត្ត និង ដោះស្រាយ សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
*ជួយសម្រួលនិងបង្កលក្ខណៈដល់ការវិនិយោគនានាក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេស ចរណ៍ផ្អែកតាមសក្តានុពលរបស់ភូមិសាស្ត្រក្នុងខេត្តដោយសហការជាមួយខេត្តជាប់ព្រំដែន រួមទាំងរក្សាបង្គោលព្រំដែនជាមួយប្រទេសជិតខាង។
*បន្តការពារធនធានធម្មជាតិសម្រាប់ជាផលប្រយោជន៍និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕