(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខជាមួយកុមារកំព្រា និងបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មកពិនិត្យព្យាបាលដល់កុមារដែលកំពុងស្នាក់នៅសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ និងចាស់ជរា ក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រូពេទ្យស្ម័គ្រចិត្ត មេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងមន្ទីរសង្គមកិច្ចខេត្តកណ្តាល និងលោកស្រីមេភូមិ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។

ការចុះមកនេះ ក្នុងគោលបំណងដើម្បីសំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់កុមារ និងនាំយកគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យសុខភាពដល់កុមារដែលកំពុងស្នាក់នៅក្នុងសមាគមនេះ និងចាស់ជរាក្នុងភូមិ សរុបចំនួន ១១៣នាក់។ ក្នុងនោះ គ.ស.ម.ក. ក៏បាននាំយកថវិកា ឱសថ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់សមាគមសម្រាប់ប្រើប្រាស់តាមជាក់ស្តែង។ ជាមួយគ្នានេះ គ.ស.ម.ក. នឹងនៅតែបន្តជួយឧបត្ថម្ភដល់សមាគមតទៅទៀតផងដែរជារៀងរាល់ខែ។

លោក កែវ រ៉េមី ក៏បានធ្វើ្វការកោតសរសើរដល់លោកប្រធាន និងបុគ្គលិកទាំងអស់ក្នុងសមាគម ដែលបានប្រឹងប្រែង លះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកា ក្នុងការគ្រប់គ្រង ចិញ្ចឹមបីបាច់ មើលថែ បង្ហាត់បង្រៀន និងផ្តល់ការអប់រំដល់កុមារបានយ៉ាងល្អ។

ជាកិច្ចបញ្ចប់ លោក កែវ រ៉េមី បានធ្វើការថ្លែងអំណរគុណដល់អភិបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចខេត្តកណ្តាល កាកបាទក្រហមកម្ពុជា និងសប្បុរសជន ដែលបានជួយឧបត្ថម្ភដល់សមាគមនាពេលកន្លងមក ព្រមទាំងអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀតពីសំណាក់សប្បុរសជនដទៃទៀតផងដែរ៕