(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ចំនួន២% សម្រាប់ជ្រើសរើសជនមានពិការភាព ឲ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ។

ការបញ្ជាក់ឲ្យដឹងបែបនេះធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយបានគិតគូរល្អិតល្អន់នូវសុខុមាលភាព របស់ជនពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ចំនួន២% សម្រាប់ជ្រើសរើស ជនមានពិការភាពឱ្យបម្រើ ការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ»

បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យឯកជន ត្រូវបានលើកទឹកចិត្តជាពិសេស ឲ្យទទួលយកជនមានពិការ-ភាពបម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ឱកាសជនមានពិការភាព ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យបានកាន់តែទូលំទូលាយ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ន បញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ បាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមាន-ពិការភាព និងជនងាយរងគ្រោះដទៃទៀត។

ក្នុងឱកាសនោះផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោត-សរសើរ ចំពោះជនមានពិការភាព និងភាគីពាក់ព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ដើម្បីមកចូលរួមក្នុងសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដ៏មានសារៈសំខាន់នេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមាន-ពិការភាព របស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដ ដល់ជនមានពិការភាព។

សូមបញ្ជាក់ថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើង ចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ២០០៩, លើកទី២ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែលកាលនោះ សន្និសីទបានឯកភាពសម្រេចស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ លើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារលទ្ធភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក៕