(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ គណនីគ្រប់គ្រងរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់យុទ្ធនាការ Beyond The Games ដែលមានឈ្មោះថា «Beyond the Games» ត្រូវបានកត់សម្គាល់នូវសកម្មភាពមិនប្រក្រតីមួយចំនួន រហូតមានជនអនាមិកលួចចូលទៅគ្រប់គ្រងប្រព័ន្ធគណនីរបស់យុទ្ធនាការ។

ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ខណៈនេះក្រុមការងារបច្ចេកទេសរបស់យុទ្ធនាការ Beyond The Games កំពុងតែធ្វើការជាមួយក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច ដើម្បីព្យាយាមដោះស្រាយបញ្ហាដែលបានកើតឡើង ដើម្បីឈានទៅដល់យកការគ្រប់គ្រងលើផេកហ្វេសប៊ុកផ្លូវការ ប្រកបដោយសុវត្ថិភាពដូចដើមវិញ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការ Beyond The Games គឺជាយុទ្ធនាការដែលផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ សក្ដានុពល និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលលើសពីការប្រកួត ដើម្បីចូលរួមជាផ្នែកមួយក្នុងឱកាសដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ តាមរយៈការបង្កើតកម្មវិធី និងវេទិកានានា ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

មិនតែប៉ុណ្ណោះ យុទ្ធនាការ Beyond The Games បានផ្ដួចផ្ដើមបង្កើតកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» ក្នុងគោលបំណងដើម្បីបង្ហាញពីក្ដីស្រលាញ់ ភាពកក់ក្ដៅ និងការគាំទ្រដោយឥតលក្ខខណ្ឌទៅកាន់ អត្តពលិកគ្រប់រូប ក៏ដូចជាកីឡាករ កីឡាការិនីដែលមានពិការភាព។

ក្នុងសេចក្ដីជូនដំណឹងដដែលនេះ ក៏បានបង្ហាញនូវការងឿងឆ្ងល់ថា ហេតុអ្វីបានជាមានជនខិលខូចមួយចំនួនព្យាយាមធ្វើការវាយប្រហារមកលើបណ្តាញផ្សព្វផ្សាយសាធារណៈ ដែលជាបណ្តាញមួយធ្វើឡើងដើម្បីផ្សព្វផ្សាយកិច្ចការដែលបម្រើជាប្រយោជន៍ជូនសង្គមជាតិ និងប្រជាជនកម្ពុជាដូច្នេះ។

ក្រុមការងារយុទ្ធនាការ សូមអំពាវនាវដល់សាធារណជនសូមយកចិត្តទុកដាក់លើខ្លឹមសារនានា ដែលបានចែករំលែកចេញពីបណ្តាញនេះ ជាមួយអត្ថន័យដែលប្រាសចាកពីបេសកកម្មរបស់យុទ្ធនាការរបស់យើងដូចបានរៀបរាប់ខាងលើ។ ក្រុមការងារយុទ្ធនាការ ក៏សូមអំពាវនាវដល់សាធារណជន បង្កើតប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយសុវត្ថិភាព ក្នុងការប្រើប្រាស់បណ្តាញសង្គមនានា និងសូមប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងអស់នេះប្រកបដោយកិត្តិយស និង មានប្រសិទ្ធភាពខ្ពស់ដែលពូនជ្រំជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនរបស់យើង៕