(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកទេស​រដ្ឋមន្ត្រី យឹម ណុលឡា ប្រធាន ECOSOCC។

កិច្ចប្រជុំបានពិនិត្យទៅលើសមិទ្ធផលសំខាន់ៗមួយចំនួនដែលខ្លួនសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ។ សមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២២ មានដូចខាងក្រោម៖

១៖ កិច្ចប្រជុំគណៈប្រតិបត្តិ ECOSOCC ដើម្បីកំណត់ផែនទីចង្អុលផ្លូវ តម្រង់ទិសសម្រាប់គ្រប់គ្រង ដោះស្រាយបញ្ហាចាំបាច់ ដើម្បីឱ្យការងារប្រចាំថ្ងៃប្រព្រឹត្តទៅបានរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

២៖ ECOSOCC បានប្រជុំទូលាយប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ក្រោម​អធិប​តីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានECOSOCC ដែលសមាសភាពចូល​រួមមាន អនុប្រធានប្រចាំការ អនុប្រធាន លោករដ្ឋមន្ត្រីប្រតិភូអម​នាយក​រដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារECOSOCC សមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេសនៃECOSOCC ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក មន្ត្រីបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាននៃECOSOCC និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តាមរយៈប្រព័ន្ធហ៊្សូម ដើម្បីវិភាគ​លើស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ សរុបចំនួន២៣លើក។

ការរៀបចំរបាយការណ៍នេះពឹងផ្អែកលើមូលដ្ឋានព័ត៌មាន ទិន្នន័យពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងមតិយោបល់ដែលជាធាតុចូលផ្សេងៗបន្ថែមទៀតពីក្រសួង ស្ថាប័នពាក់ព័ន្ធតាមប្រព័ន្ធតេលេក្រាម។ ចំពោះទិន្នន័យត្រូវរៀបចំជា៥តារាងគឺ ១៖ ស្ថានភាពសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងអត្រាប្តូរប្រាក់, ២៖ ស្ថានភាព​ថវិកាជាតិ, ៣៖ ស្ថានភាពរូបិយវត្ថុ និងអត្រាការប្រាក់, ៤៖ ស្ថានភាពកសិកម្ម ឧស្សាហកម្ម សំណង់ រ៉ែនិងថាមពល ទេសចរណ៍ វិនិយោគបរទេស ទូរគមនា​គមន៍​ដឹកជញ្ជូន សេវាកម្ម និងវប្បធម៌ និង៥៖ ស្ថានភាពជញ្ជីងពាណិជ្ជកម្ម។

៣៖ ក្នុងឆ្នាំ២០២២នេះECOSOCC បានចូលរួមប្រជុំពិនិត្យផ្តល់យោបល់លើ​សេចក្តីព្រាង​ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតមានចំនួនសរុបការប្រជុំទាំងអស់១០២លើក លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតមានចំនួនសរុប៣៦សេចក្តីព្រាង ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន១៨ សេចក្តីព្រាងអនុក្រឹត្យចំនួន៩ សេចក្ដីព្រាងគោលនយោបាយចំនួន៤ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងៗចំនួន៥។

៤៖ ECOSOCCបានរៀបចំកិច្ចប្រជុំ បើកវគ្គបណ្តុះបណ្តាល ចូលរួមសិក្ខាសាលាជាតិ-អន្តរជាតិ និងកម្មវិធីផ្សេងៗចំនួន៧៦លើក។

៥៖ ECOSOCCបានបង្កើតក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីពិនិត្យតាមដានលើប្រធានបទសំខាន់ៗ ហើយក្នុងឆ្នាំ២០២២នេះបានសិក្សាស្រាវជ្រាវស្វែងយល់អំពីប្រវត្តិ និងការវិវត្តថ្មីៗរបស់ប្រព័ន្ធផ្លូវដែកកម្ពុជា។

៦៖ ECOSOCC មានគេហទំព័រ ”www.ecosocc.gov.kh” និងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេកក.ស.វ. ឈ្មោះ «ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌-ECOSOCC» ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈស្តីពីសកម្មភាពនិងលទ្ធផលការងារ។ ក្នុងរយៈពេល១ឆ្នាំ ឆ្នាំ២០២២នេះ គេហទំព័ររបស់ក.ស.វ.មានទិន្នន័យស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗសរុបចំនួន៦ ៦៥៤។ ហើយហ្វេសប៊ុកផេក «ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌-ECOSOCC» មានសារបង្ហោះទៅដល់អ្នកចូលចិត្តទំព័រសរុប៧ ៥៨២ អ្នកស្គាល់ទំព័រ ៣៨៣K អ្នកចូលរួម១,៩K អ្នកចូលចិត្តទំព័រថ្មី៨២៤ និងអត្ថបទចែករំលែកសរុប១៤១ អត្ថបទ។

៧៖ ECOSOCC បានបោះពុម្ពផ្សព្វផ្សាយរបាយការណ៍វិភាគស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ព្រមទាំងព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាស ដែលបង្ហាញអំពីលទ្ធផល និងសកម្មភាពការងាររបស់ខ្លួន។ ក្នុងព្រឹត្តិបត្រព័ត៌មាននេះមានរំលេចចេញនូវបទអត្ថាធិប្បាយនិងបទវិភាគស្តីពីប្រធានបទផ្សេងៗដែលមានប្រយោជន៍ដល់សង្គម ហើយក៏បានលើកឡើងអំពីការពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ ការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ ការសិក្សាស្រាវជ្រាវ នាទីវប្បធម៌ នាទីកំណាព្យ និងនាទីកម្សាន្ត ដើម្បីធ្វើឱ្យព្រឹត្តិបត្រព័ត៌មាននេះមានភាពទាក់ទាញអ្នកអាន។
ទាំងរបាយការណ៍វិភាគស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងព្រឹត្តិបត្រព័ត៌មាន ត្រូវបានផ្ញើជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សមាជិករាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដាក់តម្កល់នៅបណ្ណាល័យរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបណ្ណាល័យជាតិ និងចុះផ្សាយជាសាធារណៈក្នុងគេហទំព័ររបស់ECOSOCC ផងដែរ។