(ភ្នំពេញ)៖ កម្មវិធីសម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា» ដែលសហការរៀបចំដោយ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានប្រារព្ធឡើងដោយជោគជ័យនារាជធានីភ្នំពេញ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាង ១០០ នាក់ ជាតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ក្រុមហ៊ុនសហគ្រាសចិននិង វិទ្យាស្ថានខុងជឺ បានមានវត្តមានចូលរួមក្នុងកម្មវិធីនេះ។ គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានទស្សនាភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា» និងបានពិភាក្សាអំពីកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី ដែលទំនើបកម្មតាមបែបចិន នាំជូនមកប្រទេសកម្ពុជា និងប្រទេសដទៃទៀតលើពិភពលោក។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានមានប្រវត្តិយូរអង្វែងណាស់មកហើយ ហើយការផ្សព្វផ្សាយខ្សែភាពយន្ត ស្នាមញញឹមកម្ពុជា លើកនេះ បានចូលរួមជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបន្ថែមអត្ថន័យថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជាចិន ក៏ដូចជាដើម្បីប្រកៀកស្មាគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្ដង់ដារខ្ពស់ នៅក្នុងយុគសម័យថ្មី។មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនទើបតែបញ្ចប់ទៅ ក៏បានគូសវាសគោលដៅថ្មីក្នុងការជំរុញទំនើបកម្មបែបផែនចិន។

លោកបញ្ជាក់ថា «ខ្ញុំពិតជាទន្ទឹងរង់ចាំមើលប្រទេសចិនលើចំណុចចាប់ផ្ដើមថ្មី នៃដំណើរថ្មី អាចចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើនបន្ថែមទៀតជូនពិភពលោក ជាពិសេសប្រទេសនៅជុំវិញ ដើម្បីចូលរួមកាន់តែច្រើនទៀតក្នុងសន្តិភាព និងវឌ្ឍនភាពនៃមនុស្សជាតិ»

លោក Wang Wentian បានថ្លែងថា ខ្សែភាពយន្ត ស្នាមញញឹមកម្ពុជា គឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជាចិន ហើយលោកជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ។

លោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ «បងប្អូនមិត្តភាពដែកថែប» «សហគមន៍ជោគវាសនារួមកម្ពុជាចិន» «ទំនើបកម្មបែបផែនចិន» បានក្លាយជាពាក្យពេញនិយម ដែលប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់។ អនាគត ពួកយើងក៏សង្ឃឹមថា ប្រទេសទាំងពីរកម្ពុជាចិន បន្តប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ជួយគ្នាទៅវិញទៅមក ធ្វើឱ្យ «ទំនើបកម្មបែបផែនចិន» ដែលជំរុញភាពមានបានរួមគ្នា និងវឌ្ឍនភាពប្រកបដោយសន្តិភាព ក្លាយជាបែបផែនអភិវឌ្ឍន៍អាចយកជាគំរូបាន ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើនក្នុងប្រទេសកម្ពុជា និងក្នុងពិភពលោកផងដែរ។

លោក មាស ឫទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស បានលើកឡើងថា បម្រែបម្រួលជីវភាពរស់នៅរបស់ប្រជាជននៅគ្រប់វិស័យក្នុងប្រទេសកម្ពុជា និងគ្រប់ស្នាមញញឹម ដែលបានបង្ហាញនៅក្នុងភាពយន្តឯកសារនេះ ធ្វើឱ្យលោកមានមោទនភាព និងសុភមង្គល។ វាបានបង្ហាញចេញពី ការអនុវត្ត ទ្រឹស្ដី «សហគមន៍ជោគវាសនារួមកម្ពុជាចិន» នៅក្នុងប្រទេសកម្ពុជា ទទួលបានសមិទ្ធផលពិតប្រាកដជាក់ស្ដែង។ ស្របពេលជាមួយគ្នា វាក៏បានឆ្លុះបញ្ចាំងពី ទ្រឹស្ដីយកប្រជាជនជាសំខាន់ ដែលប្រទេសចិនបានជំរុញ ហើយប្រទេសកម្ពុជាក៏ទទួលស្គាល់ និងកោតសរសើរទ្រឹស្ដីនេះផងដែរ។ ស្នាមញញឹមកម្ពុជា គឺជានិមិត្តសញ្ញារបស់ប្រទេសកម្ពុជា ខ្ញុំសូមយកឱកាសចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមគ្នារៀបរាប់ពីសាច់រឿងកម្ពុជានិងចិនប្រកៀកស្មាគ្នាអភិវឌ្ឍទៅមុខ នៅលើមាគ៌ាតស៊ូសម្រេចគោលដៅ១០០ឆ្នាំទីពីររបស់ប្រទេសចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន និងជាអ្នកជំនាញស្រាវជ្រាវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងប្រទេសចិន បានថ្លែងថា ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ច សង្គម អរិយធម៌ អេកូឡូស៊ី និងវិស័យផ្សេងៗទៀតរបស់ប្រទេសចិន សបញ្ជាក់ឱ្យឃើញថា ទំនើបកម្មតាមបែបផែនចិនគឺជាគំរូនៃការអភិវឌ្ឍន៍ប្រកបដោយភាពជោគជ័យ។ វាបានពង្រីកមាគ៌ា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍អាចសម្រេចបានទំនើបកម្ម។ កម្ពុជាអាចស្វែងរកវិធីសាស្រ្តដ៏សមស្របសម្រាប់ខ្លួនឯង ចេញពីបទពិសោធន៍ទំនើបកម្មតាមបែបផែនចិន និងបង្កើតមាគ៌ាទំនើបកម្មដែលស្របតាមស្ថានភាពជាក់ស្ដែង និងមានលក្ខណៈពិសេសផ្ទាល់ខ្លួន។

ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន និងជាខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ចំនួនបីភាគ ដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយ មជ្ឈមណ្ឌលភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ផ្តោតលើប្រជាជនទូទៅនៅកម្ពុជា បង្ហាញពីលទ្ធផលជាផ្លែផ្កាដែលសម្រេចបានដោយប្រទេសចិន និងកម្ពុជា ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន បានផ្សាយផ្ទាល់កម្មវិធីនេះនៅលើប្រព័ន្ធបណ្ដាញសង្គម។

ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅកម្ពុជា រួមមានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍PNN ទូរទស្សន៍បាយ័ន ទូរទស្សន៍ហង្សមាស ទូរទស្សន៍អប្សរា សារព័ត៌មាន Fresh News សារព័ត៌មានដើមអម្ពិល ក៏បានផ្សាយព័ត៌មានអំពីកម្មវិធីនេះផងដែរ៕