(ភ្នំពេញ)៖ ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដែលជាតំបន់ដាច់ស្រយាលមួយពីអតីតកាលនោះ បាននិងកំពុងក្លាយទៅជាតំបន់មានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ និងកសិកម្ម បន្ទាប់ពីផ្លូវជាតិមួយខ្សែ គឺផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់រួចរាល់ និងដាក់សម្ពោធឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០កន្លងទៅ។ ឥឡូវនេះ ស្រុកវាលវែង គឺជាកន្លែងទេសចរណ៍ដែលមានទឹកជ្រោះ និងជួរភ្នំដ៏ទាក់ទាញ។

ភាពផ្លាស់ប្តូរបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់មានជីវភាពធូរធាយ៉ាងខ្លាំង។ ជាក់ស្តែង លោកស្រី ពៅ អន ដែលជាអ្នកលក់បាយ និងដាំដាំណាំបន្ទាប់បន្សំផ្សេងៗ បានបង្ហាញក្តីរីករាយ ពេលឃើញតំបន់ដែលលោកស្រីរស់នៅដ៏លំបាកកាលពី ២៣ឆ្នាំមកមុននោះ មានហេដ្ឋារចនាសម្ព័ន្ធនានា។

ផ្តល់បទសម្ភាសដល់ Fresh New នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ត្រីវ័យ ៤៨ឆ្នាំ បានឲ្យដឹងថា លោកស្រីមានកូន ៣នាក់ តែកូនបង បានស្លាប់នៅអាយុ ១៧ឆ្នាំ ពេលមកនៅដំបូង ដោយសារតែចុកពោះ និងក្អួត ហើយគ្មានមន្ទីរពេទ្យព្យាបាល។ លោកស្រីបន្តថា កូនដែលនៅសល់មានប្រុសម្នាក់ និងស្រីម្នាក់ បានរៀបការអស់ហើយ និងរស់នៅទីនេះយ៉ាងសុខសប្បាយផងដែរ។

កាលពី ២៣ឆ្នាំមុន លោកស្រីនិងគ្រួសារមកតំបន់នេះ ដោយសារមានការចែកដីទំហំធំឲ្យប្រជាពលរដ្ឋ។ លោកស្រីបានចាកចោលដីទំហំតូច នៅស្រុកក្រវាញ និងបានលក់វា ដើម្បីផ្លាស់ប្តូរទីលំនៅ ដោយសារម្យ៉ាងទៀតនោះ រដ្ឋក៏ចង់ឲ្យមានប្រជាជនមកនៅ។

លោកស្រី ពៅ អន បានបន្ថែមថា មកដំបូងគឺមានមីន និងចម្រូងច្រើនណាស់ ហើយបានខាងស៉ីម៉ាក់ ចុះរាវរក និងរំដោះដី។ គ្រួសាររបស់លោកស្រី បានប្រើប្រាស់ចប ដើម្បីកាប់គាស់ដីដែលមានឫសឈើ និងសម្បូរទៅដោយដើមព្រិច ដើម្បីដាំដំណាំហូប។ ដំបូងឡើយ នៅក្បែរគ្រួសាររបស់លោកស្រី មានតែ ៣គ្រួសារប៉ុណ្ណោះ។

លោកស្រី ពៅ អន ពេលមករស់នៅតំបន់នេះដំបូងមានការខ្វះខាតខ្លាំង ពេលទទួលទានអាហារ គឺមានតែប្រហុក និងអំបិល​។ ពេលចង់ទិញទំនិញ ទាល់តែទៅក្រវាញ​ តាមរយៈការដើរទៅទិញ ដោយចំណាយពេលវេលា ២យប់ឯណោះ។

ឥឡូវនេះមានមនុស្សរស់នៅច្រើន ចង់ទិញទំនិញក៏ងាយស្រួល ខណៈហេដ្ឋារចនាសម្ព័ន្ធនានា បានសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ លោកស្រី ពៅ អន យល់ថា ការរីកចម្រើននេះ ដោយសារតែការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ថ្លែងទាំងទឹកភ្លែករលីងរលោង លោកស្រី ពៅ អន បានបញ្ជាក់ថា «ផ្លូវជាតិ មន្ទីរឃុំ សាលារៀន មន្ទីរពេទ្យ គឺបានសម្តេចតា (ហ៊ុន សែន) បានជួយចៅ ជាផ្លូវ ជាថ្នល់ជាតិ។ ចៅនៅស្រុកនេះដំបូងលំបាកណាស់។ ឥឡូវចៅបានដើរលើផ្លូវល្អ មានមន្ទីរពេទ្យមន្ទីរឃុំ ប្រជាជនដើរទៅស្រួល។ សូមអរគុណសម្តេចតា សូមសម្តេចតាមានសុខភាពល្អ ប្រកបការងារអ្វីបានឈ្នះមាសត្រូវ។ សូមលោកតាប្រកបតែនឹងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ សូមមានសេចក្តីសុខចម្រើន ជាមួយសម្តេចយាយ»

លោកស្រី ពៅ អន ថែមទាំងអរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រទេសដែលមានការអភិវឌ្ឍបែបនេះ។ លោកស្រីថា ដាំដើមឈើណា ត្រូវស្រោចទឹកឈើហ្នឹង ហើយដើមឈើមានម្លប់ ក៏ត្រូវប្រឹងថែទាំដែរ។ លោកស្រីបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិបន្តទៀត៕