(កណ្ដាល)៖ ហេតុការណ៍ប្លន់រថយន្តមួយករណី បានកើតឡើងនៅភូមិបិនបោរ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី​១៣​ ខែ​មីនា ឆ្នាំ២០២៣ ដោយប្រើល្បិចនាំភ្ញៀវទិញរថយន្ត ហើយឆ្លៀតប្លន់តែម្ដង តែមិនបានជោគជ័យ ព្រោះម្ចាស់រថយន្តប្ដឹងភ្លាមៗ ហើយត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមចាប់។

ក្រោយមានហេតុការណ៍នេះកើតឡើង និងមានសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋចេញតាមផងនោះ ជនសង្ស័យក៏សម្រេចចិត្តបើកឡានដែលប្លន់បាន ទម្លាក់ចូលប្រឡាយចោលតែម្ដង ហើយរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចឲ្យដឹងថា ជនជនរងគ្រោះឈ្មោះ ​ជឿន​ ស៊ីនួន អាយុ៤១ឆ្នាំ​ មានទីលំនៅក្នុង​បូរីភពថ្មីកំបូល​១​ ខណ្ឌ​កំពូល​ រាជធានី​ភ្នំពេញ មុខរបរ​ទិញ​លក់​រថយន្ត​​។​ រីឯជនសង្ស័យ​មិនស្គាល់​អត្តសញ្ញាណ​។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានតេទៅជនរងគ្រោះថា មានគេចង់ទិញរថយន្តតម្លៃជាង៣ម៉ឺនដុល្លារ។ ក្រោយពេលទទួលទូរស័ព្ទរបស់ ជនសង្ស័យហើយ ជនរងគ្រោះបានបើកឡានទៅយកជនសង្ស័យនៅម្តុំទួលពង្រ។

ពេលទៅដល់ជនរងគ្រោះ បានជិះជាមួយជនសង្ស័យ លុះពេលធ្វើដំណើរតាមផ្លូវ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ ហើយខ្លួនចុះពីរថយន្ត។ ពេលចូលមកវិញក៏យកស្រ្ពាយបាញ់ទៅលើជនរងគ្រោះ និងយកដុំឆក់ប្រើភ្លើងមកឆក់ជនរងគ្រោះ រហូតជនរងគ្រោះបើកទ្វារចុះពីឡានស្រែកឲ្យគេជួយ។

ក្រោយជនរងគ្រោះ ស្រែកហើយប្រជាពលរដ្ឋ បានជួយទាក់ទងទៅសមត្ថកិច្ច ទាក់ទងដើម្បីតាមចាប់ជនសង្ស័យ រហូតបើកឡានទម្លាក់ចូលទឹកប្រឡាយតែម្តង។

បច្ចុប្បន្ន​កម្លាំង​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​ស្រុក​កណ្ដាល​ស្ទឹង​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ ​នគរបាលព្រហ្ម​ទណ្ឌ​ខេត្ត​កណ្តាល​ ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខ​សញ្ញា​៕