(កោះកុង)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងបញ្ជាក់ថា លទ្ធិព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ហើយប្រជាពុទ្ធបរិស័ទបានយកព្រះពុទ្ធសាសនាជាទីពឹងដើម្បីស្វែងរកសេចក្តីសុខសេចក្តីចម្រើនទាំងក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគតជាតិ។

សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ទៀតថា ព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ គឺជាទឹកអម្រិតដែលជនានុជនគ្រប់រូបប្រាថ្នាចង់បានគ្រប់ៗគ្នា ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ហើយក្នុងបទចម្រៀងគោរពទង់ជាតិរបស់យើងក៏រំលេចខ្លឹមសារនឹកដល់គុណព្រះពុទ្ធសាសនាផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលក្នុងវត្តមុនីជីខលើស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តកោះកុង និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តមុនីជីខលើនាពេលនេះ ប្រព្រឹត្តទៅយ៉ាងរលូន ឱឡារិក និងអធិគអធមយ៉ាងក្រៃលែង ស្របពេលដែលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងបោះជំហានយ៉ាងរឹងមាំលើមាគ៌ាប្រជាធិបតេយ្យ សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព ស្ថារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញពីវិបត្តិកូវីដ-១៩ ឱ្យកាន់តែមានភាពធន់ និងបរិយាប័ន្ន ក្រោមម្លប់សន្តិភាព។

ស្របពេលជាមួយគ្នានោះសម្តេចប្រមុខរដ្ឋស្តីទី ក៏បានរំលឹកពីអតីតកាលដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានកាលពីទសវត្សរ៍ឆ្នាំ៧០ ព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាម និងត្រូវបានកំទេចបង់ដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត។ ព្រះពុទ្ធសាសនាត្រូវបានរស់ឡើងវិញជាមួយនឹងការរស់ឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនាត្រូវបានស្តារ និងអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព ហើយកំពុងក្លាយជាកម្លាំងស្នូលនៃសុខដុមនីយកម្មរវាងអ្នកកាន់ព្រះពុទ្ធសាសនា ជាមួយអ្នកកាន់ជំនឿ និង សាសនាសផ្សេងៗទៀតដែលកំពុងមានវត្តមាននៅកម្ពុជាបច្ចុប្បន្ន។

ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្ដីទី ក៏បានថ្លែងនូវការកោតសរសើរចំពោះការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឲ្យរាជរដ្ឋាភិបាលបច្ចុប្បន្នសម្រេចបាននូវសមិទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម យ៉ាងធំសម្បើមគួរជាទីមោទនៈយ៉ាងក្រៃលែង មានជាអាទិ៍៖

១៖ រក្សាការពារបាននូវសន្តិភាព ស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម ស្ថេរភាពនយោបាយ និងថែរក្សាការពារបាននូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី បានយ៉ាង់គត់មត់នៅក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។

២៖ ដឹកនាំប្រជាជនប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលគ្រប់គ្រងការរីករាលដាលនៃជំងឺកូវិដ-១៩ បានយ៉ាងល្អប្រពៃ ហើយត្រូវបានទទួលស្គាល់ថា ជាប្រទេសឈរនៅលំដាប់លេខ២ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ របស់ពិភពលោក។

៣៖ រក្សាលំនឹងសេដ្ឋកិច្ចក្នុងបរិបទនៃវិបត្តិជំងឺកូវិដ-១៩យ៉ាងមានប្រសិទ្ធភាព ដោយបានបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងឆាប់រហ័សជាមួយនឹងកំណើន៣%ក្នុងឆ្នាំ២០២១ និងកំណើនប្រមាណ៥,២%ក្នុងឆ្នាំ២០២២។ តាមការព្យាករណ៍ឆ្នាំ២០២៣នេះសេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើន៥,៦%។

៤៖ បានរៀបចំការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ប្រកបដោយជោគជ័យ។

៥៖ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងឋានៈជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងជាប្រធាននៃមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) យ៉ាងរលូន និងប្រកបដោយលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់។

សម្តេចបានបញ្ជាក់ទៀតថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តបំពេញបេសកកម្មថែរក្សាសន្តិភាព នៅបណ្ដាប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងជំរុញ ការទាក់ទាញការវិនិយោគចូលមកកម្ពុជា ទន្ទឹមនឹងការស្វែងរកនិងពង្រីកទីផ្សារថ្មីៗសម្រាប់ការនាំចេញផលិតផលផងដែរ។ ប្រការដែលប្រជាជនកម្ពុជាកំពុងតែរីករាយ និងអបអរផងដែរនោះ គឺអង្គការឃ្លាំមើលការលាងសម្អាតប្រាក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិហៅកាត់ថា FATF មានមូលដ្ឋាននៅទីក្រុងប៉ារីស បានដកកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។

សម្តេចប្រមុខរដ្ឋស្ដីទី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់សូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៃរដ្ឋសភានីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។

ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្ដីទីបានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានល្អនូវការងារមួយចំនួនដូចជា៖ ខិតខំថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គមក្នុងការគ្រប់មូលដ្ឋានទាំងអស់ឱ្យបានរឹងមាំជានិច្ច កាត់បន្ថយឱ្យបានជាអតិបរមានូវអំពើអសកម្មទាំងឡាយ ដើម្បីធានាឱ្យប្រជាជនបានរស់ដោយសុខក្សេមក្សាន្តទាំងខាងផ្លូវកាយ និងផ្លូវចិត្ត, ផ្តល់សេវាជូនប្រជាជនដោយគ្មានការរើសអើង ប្រកបដោយតម្លាភាព គុណភាព គណនីយភាព ប្រសិទ្ធភាព និងឆាប់រហ័ស, សហការជាមួយស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅគ្រប់មូលដ្ឋាន, ខិតខំគៀងគរសប្បុរសជនក្នុងតំបន់ និងក្រៅតំបន់ចូលរួមពង្រឹងនិងពង្រីកវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានជំរុញឱ្យចូលរួមយកចិត្តទុកដាក់ថែរក្សាការពារព្រះវិហារថ្មី និងសមិទ្ធផលនានា ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ឱ្យបានគង់វង្សទុកជាសម្បត្តិគរុភ័ណ្ឌរបស់វត្ត សម្រាប់ធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា ជាយូរអង្វែងតរៀងទៅ, សហការជាមួយអង្គភាពដែលបោះទីតាំងនៅក្នុងស្រុកស្រែអំបិល រួមគ្នាការពារទ្រព្យសម្បត្តិរដ្ឋ ការពារធនធានធម្មជាតិ ទុកប្រើប្រាស់ឱ្យបានយូរអង្វែង និងទុកជាមរតកសម្រាប់ប្រទេសជាតិ និងសម្រាប់កូនចៅគ្រប់ជំនាន់តរៀងទៅ និងបន្តចាក់វ៉ាក់សាំងតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនកុំបីមានការធ្វេសប្រហែសឡើយ។

បើតាមលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងដែរថា ខេត្តកោះកុងមានវត្តសរុបចំនួន៥៤វត្ត ក្នុងនោះវត្តគណៈមហានិកាយមានចំនួន៤៧វត្ត មានចំនួន៣៨៨ព្រះអង្គ និងគណៈធម្មកិត្តិកនិកាយមានចំនួន០៧វត្ត មានព្រះសង្ឃចំនួន៧០ព្រះអង្គ។ ព្រះវិហារថ្មី និងសមិទ្ធផលនានា ដែលត្រូវបានបញ្ចុះខណ្ឌសីមាឆ្លងសម្ពោធឆ្លងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនាពេលនេះរួមមាន៖ ព្រះវិហារថ្មីទទឹង ៨.៥០ម៉ែត្រ បណ្តោយ ១១.៥០ម៉ែត្រកុដិថ្ម ០១ខ្នង ទទឹង ៦.៥០ម៉ែត្រ បណ្តោយ ៧.៥០ម៉ែត្រ ខ្លោងទ្វា០១ និងដងទង់០១គូ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត៕