(ស្ទឹងត្រែង)៖ ផ្ទះគំរូចំនួន៥០ខ្នង ដែលជាអំណោយសប្បុរសជន នៃប្រទេសបារ៉ែន និងប្រទេសទួរគី តាមរយៈអង្គការបេសកកម្មសប្បុរសធម៌ប្រចាំនៅកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនៅភូមិអូឬស្សីកណ្តាល ឃុំអូឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ពីធីនេះធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ភូមិអូឬស្សីកណ្តាល ឃុំអូឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារគណៈចលនាសាសនិកឥស្លាម ចុះជួយខេត្តស្ទឹងត្រែង, លោក ម៉ាត់ ជាឡា រដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក Wa EL តំណាងម្ចាស់ជំនួយប្រទេសបារ៉ែន និងទួរគី និងលោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្ត និងជាតំណាងអភិបាលខេត្តស្ទឹងត្រែង។

ក្នុងនោះក៏មានការចូលរួមពី លោកអ៊ីម៉ាំខេត្ត អ៊ីម៉ាំស្រុក លោកអភិបាលរងស្រុក ព្រមទាំងគណៈប្រតិភូអមដំណើរ ដែលមានតំណាងអង្គការ សមាគមដៃគូនានា លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើនកុះករ។

ក្រោយពីរបាយការណ៍ស្វាគមន៍ពីតំណាងម្ចាស់ជំនួយ និងសន្ទរកថារបស់អភិបាលរងខេត្ត, លោក ណុះ ស្លេះ  បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ម្ចាស់ជំនួយ អង្គការ សមាគមពាក់ព័ន្ធ និងកិច្ចសហការល្អរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលអាចធ្វើឲ្យគម្រោងអភិវឌ្ឍន៍នេះដំណើរការយ៉ាងរលូន និងជោគជ័យ។

ជាមួយគ្នានោះ លោកបានរំលឹកថា ក្រោមម្លប់សន្តិភាព នៃការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា  កម្ពុជាមានភាពរីកចម្រើនឥតឈប់ឈរ។ ការរីកចម្រើននេះ ក៏បានមកដោយសារកត្តាជាច្រើន ក្នុងនោះ មានកត្តាមួយសំខាន់បំផុត គឺការចូលរួមគាំទ្រ របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ លើមាគ៌ាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាក់ស្តែងដូចជា ការបោះឆ្នោតនាពេលកន្លងមក បងប្អូនប្រជាពលរដ្ធបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនយ៉ាងច្រើនកុះករជាដើម។

លោកបានបន្តថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សូមឲ្យប្រជាជនកម្ពុជា បន្តខិតខំថែរក្សាឲ្យបានគង់វង្ស។ នយោបាយភូមិ ឃុំមានសុវត្ថិភាព សាមគ្គីភាពល្អ សុខមាលភាពសង្គម ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការរក្សាបាននូវសុខសន្តិភាព។

លោកបានលើកឡើងទៀតថា ដើម្បីរក្សាបាននូវសុខសន្តិភាព សុខមាលភាពសង្គម និងការរីកចម្រើនយូរអង្វែងរបស់សង្គមជាតិ វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យដ៏សំខាន់ នៃការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ។ ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានកំណត់ដាក់វិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាវិស័យអាទិភាពទីមួយ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងបានដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ និងគ្រូបង្រៀនជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លោកបានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាលសិស្ស ឲ្យបញ្ជូនកូន ចៅ ទៅសាលា ដោយជំរុញ លើកទឹកចិត្ត និងគាំទ្រឱ្យពួកគេមានឱកាសរៀនសូត្រឲ្យបានចប់ដល់ថ្នាក់ឧត្តមសិក្សា និងឈោងចាប់យកជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។ ជីវភាពរស់នៅធូរធាររបស់បងប្អូន គឺជាការរីកចម្រើនរបស់សហគមន៍យើង ហើយក៏ជាការរីកចម្រើនរបស់ប្រទេសជាតិយើងទាំងមូលផងដែរ។

លោក ណុះ ស្លេះ បានណែនាំដល់ប្រជាពលរដ្ឋ ដែលទទួលបានផ្ទះគំរូ សូមខិតខំថែរក្សាអនុវត្តអនាម័យស្អាតក្នុងការរស់នៅ ឲ្យបានជាប្រចាំ ដើម្បីទទួលបាននូវសុខភាពល្អ និងសុភមង្គលគ្រួសារ។ លោកបានសំណូមពរ ដល់ម្ចាស់ជំនួយ ឲ្យបន្តខិតខំសាងសង់សមិទ្ធផលនានាបន្ថែមទៀត សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការសិក្សារបស់សិស្សានុសិស្សនាពេលខាងមុខនេះ ពិសេសសូមបន្តគិតគូរពីគម្រោងគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាការបណ្តុះបណ្តាលជំនាញមុខរបរ ជាដើម ដែលជាកត្តារីកចម្រើន និងនិរន្តរភាពនៃការអភិវឌ្ឍមូលដ្ឋានផ្ទាល់។

សូមជម្រាបថា ពិធីសម្ពោធ និងប្រគល់ផ្ទះគំរូ ចំនួន៥០ខ្នង ដែលសង់អំពីឈើផ្ទាល់ដី និងប្រក់ស័ង្កសី ដែលចំណាយសរុបជាទឹកប្រាក់មានតម្លៃ ២០,៦០០០ដុល្លារ ក្នុងនោះ គណៈអធិបតីក៏បានអញ្ជើញចែកអណ្តូងទឹកខ្នាតធំចំនួន២ សត្វចៀមពូជចំនួន ២០ក្បាល សម្ភារៈសិក្សាដល់សិស្ស និងកញ្ចប់ម្ហូបអាហារមួយចំនួនជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារផងដែរ៕