(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលថ្មីខេត្តព្រៃវែង បានប្ដេជ្ញាចិត្តដោយខិតខំក្នុងការរក្សាសន្តិភាព សុខសុវត្ថិភាព ការពារដាច់ខាតសន្តិសុខសង្គម សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អបំផុត ពិសេសបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ-ចិត្ត។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ត្រូវបានប្រកាសឡើងកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវែង ក្រោមវត្តមាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជា សុមេធិ អភិបាលខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

ក្រុមមន្ត្រីនគរបាលខេត្តព្រៃវែងមួយចំនួនបានបង្ហើបប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែងថា ពួកគាត់មានមោទនភាពណាស់ដែលមានមេដឹកនាំថ្មីមកដល់ គឺលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលពួកគាត់ទទួល ស្គាល់ថាជាមេដឹកនាំដ៏ល្អមានស្មារតីរឹងមាំ ឈ្លាសវៃ ឆន្ទៈខ្ពស់ និងមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ។ ពួកគាត់សូមប្តេជ្ញាចិត្តថា នឹងគោរពតាមគោលការណ៍របស់មេដឹកនាំ និងអនុវត្តឲ្យបានល្អបំផុត ក្នុងទិសដៅស្វែងរកសន្តិសុខ សណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អឥតខ្ចោះ។

សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មុនប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងនេះ លោកមានតួនាទីជាអធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក្រោយមកត្រូវបានតែងតាំង ជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ លោកត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏ត្រូវបានបញ្ចប់តំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន។ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តព្រៃវែងតែម្ដង៕